នាព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយតំណាងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត, ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍, និង តំណាងអង្គការមិនមែនរដ្ឋាភិបាល។
ផ្អែកតាមរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤, ការអនុវត្តផែនការសកម្មភាពកែទម្រង់របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន បន្តមានចលនាការ និងវឌ្ឍនភាពល្អតាមការគ្រោងទុក ។ ទោះបីជាយ៉ាងនេះក្តី, ស្ថានភាពហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងបន្តរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌហិរញ្ញវត្ថុសាកល ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការឆ្លើយតបភ្លាមៗ ដើម្បីទ្រទ្រង់កំណើននិងលើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ច ។
ក្នុងស្មារតីនេះ, សកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតែដើរតួនាទីសំខាន់ក្នុងការបន្តនិរន្តរភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ក្នុងនោះ, “យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០២៤-២០២៨” ត្រូវបានអនុម័តនិងដាក់ឱ្យអនុវត្ត នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងគោលបំណងធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ ។ ជាមួយគ្នានេះ, “យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ឆ្នាំ២០២៤-២០២៨”, “ឯកសារគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” និង “ឯកសារគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” នឹងត្រូវដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗ ដើម្បីជំរុញប្រសិទ្ធភាពការងារ ជាពិសេសពង្រឹងប្រសិទ្ធភាពក្នុងការកៀរគរចំណូលថែមមួយកម្រិតទៀត ។ ទន្ទឹមនេះ, ការដ្ឋានដែលត្រូវអនុវត្ត “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)”, “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)” និង “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)” ត្រូវបានពង្រីកជាបន្តបន្ទាប់ ដល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស ហើយដំណើរការនៃមុខងាររបស់ប្រព័ន្ធនីមួយៗ ត្រូវបានពង្រឹងបន្ថែម ដើម្បីឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ការកសាង “ឃ្លាំងទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ក៏កំពុងមានវឌ្ឍនភាពល្អ ដែលក្នុងនោះ ផតថលទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកចំហរជាសាធារណៈ ត្រូវបានរៀបចំនិងដាក់ឱ្យដំណើរការសាកល្បង ។
ដើម្បីបន្តពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, “ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF)” និង “ក្របខ័ណ្ឌថវិការយៈពេលមធ្យម (MTBF)” ត្រូវបានរៀបចំនិងអនុម័ត ដែលជាមូលដ្ឋានក្នុងការរៀបចំថវិកាសម្រាប់ឆ្នាំ ២០២៥ ដោយឡែក, នៅក្នុងដំណើរឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធកម្មនិងកសាងគណនេយ្យភាពសមិទ្ធកម្ម, “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥” ត្រូវបានរៀបចំធ្វើបច្ចុប្បន្នភាពជាសេចក្តីព្រាងបឋម ដែលគ្រោងនឹងបញ្ចប់នាពេលខាងមុខ ទន្ទឹមនេះ មុននឹងឆ្ពោះទៅរកការវាយតម្លៃលើសមិទ្ធកម្មពេញលេញ, ក្រសួង-ស្ថាប័ន ត្រូវបានកំណត់ថាជាតួអង្គសំខាន់ ដែលត្រូវបានលើកទឹកចិត្ត និង ជំរុញពង្រឹងគណនេយ្យភាពសមិទ្ធកម្ម តាមរយៈការបណ្តុះបណ្តាល និង ចែករំលែកបទពិសោធន៍នានា ។
ជារួម, ការត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង “ភាពជឿទុកចិត្តនៃថវិកា” ដែលរួមចំណែកក្នុងការធានាបាននូវចីរភាពនៃសេដ្ឋកិច្ចជាតិ ក្នុងខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចសាកលមានភាពមិនប្រាកដប្រជាខ្ពស់ ។
តំណាងដៃគូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល បានអបអរសាទរចំពោះរាជរដ្ឋាភិបាល ដែលសម្រេចបាននូវសមិទ្ធផលល្អ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ តំណាងដៃគូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល ក៏បានផ្ដល់នូវមតិយោបល់មួយចំនួន សំដៅចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចសាកល រួមមាន៖ ការពង្រឹងការកៀរគរចំណូល, ការពង្រឹងការអនុវត្ត FMIS និងការរក្សា FMIS ជាស្នូលនៃក្របខ័ណ្ឌនិម្មាបនកម្មបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈ និងការរៀបចំផែនការចំណាយសម្រាប់ថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង ។ល។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី ២ ឆ្នាំ ២០២៤ នេះ និង បានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន បន្តជំរុញការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៤ នៅត្រីមាសបន្ទាប់ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និង គាំទ្ររាជរដ្ឋាភិបាលក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។