សេចក្ដីសង្ខេប អំពី កសហវ

យោងតាមអនុក្រឹត្យលេខ ៤៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។

បេសកកម្មនេះ ត្រូវធ្វើឡើងតាមរយៈការរៀបចំនិងការអនុវត្តឱ្យបានត្រឹមត្រូវនូវគោលនយោបាយ ក្របខណ្ឌច្បាប់ និងបទបញ្ជាទាំងឡាយ ដែលទាក់ទងនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ និងកិច្ចការវិនិយោគ ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មានមុខ​ងារ​ និង​ភារកិច្ច​ដូចតទៅ៖
 • រៀបចំ អនុវត្ត និងតាមដានការអនុវត្ដគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល
 • គ្រប់គ្រង និងសម្របសម្រួលកិច្ចការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 • ពង្រឹងអភិបាលកិច្ចល្អ ទៅលើអ្វីដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ
 • វិភាគតាមដាន និងព្យាករស្ថានភាពសេដ្ឋកិច្ចក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង និងដាក់ចេញនូវវិធានការ ដើម្បីតម្រង់ទិសនិងកែលម្អការគ្រប់គ្រងសេដ្ឋកិច្ច
 • សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដឹកនាំ និងចូលរួមក្នុងការរៀបចំអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល លើកិច្ចការសហប្រតិបត្តិការអន្ដរជាតិ ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកិច្ចការសមាហរណកម្មកម្ពុជា ទៅក្នុងសេដ្ឋកិច្ចពិភពលោក ពិសេសកិច្ចសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងក្របខណ្ឌអាស៊ាន
 • ទទួលដឹកនាំ រៀបចំ ជំរុញអនុវត្ត និងតាមដានការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល
 • វិភាគ គ្រប់គ្រង និងតាមដានការវិវត្តនៃវិស័យហិរញ្ញវត្ថុ ព្រមទាំងចូលរួមរៀបចំ និងអនុវត្តក្របខណ្ឌគ្រប់គ្រងហានិភ័យនៃវិស័យហិរញ្ញវត្ថុ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ
 • ចូលរួមរៀបចំ និងអនុវត្តគោលនយោបាយ និងក្របខណ្ឌនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
 • កសាងប្រព័ន្ធហិរញ្ញវត្ថុឱ្យឯកភាពទូទាំងប្រទេស ហើយធានាអនុវត្តប្រព័ន្ធនេះ ឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀត
 • ធ្វើការបែងចែក និងបែងចែកឡើងវិញនូវផលទុនជាតិ តាមរយៈការប្រមូលចំណូល និងថវិកានីយកម្មនៃចំណាយសាធារណៈ
 • រៀបចំ និងកសាងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាលក្ខណៈប្រចាំឆ្នាំនីមួយៗ ឬជាលក្ខណៈអចិន្ត្រៃយ៍
 • រៀបចំ និងគ្រប់គ្រងថវិការដ្ឋ
 • ចូលរួមរៀបចំគោលនយោបាយ និងគ្រប់គ្រងកិច្ចការវិនិយោគ
 • ពិនិត្យ និងចុះទិដ្ឋាការលើចំណាយរបស់ក្រសួង និងស្ថាប័នរដ្ឋនានា
 • រៀបចំ និងអនុវត្តគោលនយោបាយចំណូលថវិកាជាតិ
 • ប្រមូលចំណូលសារពើពន្ធនិងមិនមែនសារពើពន្ធ បង់ចូលបេឡាថវិការដ្ឋ ធ្វើតារាងតុល្យភាព និងវិភាគគណនីនៃប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋ
 • បំពេញមុខងារជាបេឡាករ និងគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល ព្រមទាំងរៀបចំគោលការណ៍ និងបទបញ្ជាគណនេយ្យករសាធារណៈ
 • គ្រប់គ្រង និងត្រួតពិនិត្យកិច្ចការលទ្ធកម្មសាធារណៈនៃបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពរដ្ឋដទៃទៀត និងកិច្ចលទ្ធកម្មតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន
 • គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
 • អនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
 • ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ តាមក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែលនៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលសាធារណៈដទៃទៀត និងនីតិបុគ្គលឯកជនដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ
 • ចូលរួមកសាង និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តកៀរគរហិរញ្ញប្បទានពីក្នុង និងក្រៅប្រទេស និងទទួលបន្ទុកគ្រប់គ្រងបំណុលសាធារណៈ
 • ដឹកនាំ រៀបចំ និងអនុវត្តការងារដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម និងការងារអស្សាមិករណ៍ដោយសារគម្រោងអភិវឌ្ឍន៍នានា
 • បំពេញមុខងារសវនកម្មផ្ទៃក្នុង និងជំរុញការអនុវត្តមុខងារសវនកម្មផ្ទៃក្នុងតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល
 • បណ្ដុះបណ្ដាល និងធ្វើវិក្រឹតការជាប្រចាំ នូវមុខជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដល់មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។