នាព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ សម្រាប់ ឆ្នាំ ២០១៩” ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។ យុទ្ធសាស្រ្ត ចតុកោណ-ដំណាក់កាលទី ៤ ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តក្នុងអំឡុងខែ កញ្ញា ឆ្នាំ ២០១៨ និងបានក្លាយជាឯកសារមូលដ្ឋានដែលឆ្លុះបញ្ចាំងនូវកម្មវិធីនយោបាយរបស់រាជារដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា និងជាមូលដ្ឋានដ៏រឹងមាំ ក្នុងការរៀបចំឯកសារគោលនយោបាយ, យុទ្ធសាស្រ្ត និងផែនការសកម្មភាពអភិវឌ្ឍតាមវិស័យនានា ដើម្បីឆ្ពោះទៅសម្រេចបាននូវបង្គោលចរ ឆ្នាំ ២០៣០ និងចក្ខុវិស័យ ឆ្នាំ ២០៥០ ដែលកម្ពុជារំពឹងថានឹងប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ ។