នាព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា (Saia Ma’u Piukala) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា និងសហការី ក្នុងឱកាសមកបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជាជាលើកដំបូង បន្ទាប់ពី ឯកឧត្តមវេជ្ជបណ្ឌិត ត្រូវបានជ្រើសតាំងជាប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងមក ។ ក្នុងកិច្ចជំនួស, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេច អំពី កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងរយៈកាលជាច្រើន ទស្សវត្សន៍កន្លងមក និងបានវាយតម្លៃខ្ពស់ ចំពោះអង្គការសុខភាពពិភពលោកក្នុងការចូលរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា រហូតរៀងមក ដែលរួមមានទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ និងជាពិសេសក្នុងកាលៈទេសៈដ៏លំបាក ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មការងាររបស់ឯកឧត្តម ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការរីកចំរើនសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សំគាល់ ។ ទន្ទឹមនេះ, ឯកឧត្តមវេជ្ជបណ្ឌិតក៏បានថ្លែងកោត សរសើរកម្ពុជាលើភាពជោគជ័យក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកែ ទម្រង់ប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានភាពរីកចំរើនប្រកបដោយភាពធន់ និងរឹងមាំ ដែលអាចត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាប្រឈម និងជំងឺរាតត្បាតជាយថាហេតុនានាដែលអាចកើតមានឡើងនាពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានថ្លែងអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅ កម្ពុជាឆ្នាំ ២០២៤-២០៣៥” ព្រមទាំងបានបញ្ជាក់អំពីការគាំទ្រយ៉ាងមុតមាំរបស់អង្គការសុខភាពពិភពលោកតាមរយៈកិច្ចសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់នេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាមួយនឹងការថ្លែងអំណរគុណជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពី ភាពជោគជ័យ និងសមិទ្ធិផលរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺជាផ្លែផ្កានៃការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ។ ជាមួយគ្នានេះ, ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, “មនុស្ស” គឺជាអាទិភាពគន្លឹះទី ១ នៃ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១” ហើយ “ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា”, ការបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ, ប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, និងចីរភាព គឺជាកម្មវិធីគោលនយោបាយអាទិភាពទី ១ សម្រាប់ការអភិវឌ្ឍប្រទេស ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យអង្គការសុខភាពពិភពលោកបន្តគាំទ្រកម្ពុជាទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចជាសកល របស់សន្និបាតអង្គការសុខភាពពិភពលោកស្តីពីបញ្ហាសុខភាព និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាកម្មវិធីការងារទូទៅទីដប់បួនថ្មីរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០២៥-២០២៨ ដែលមានគោលបំណងលើក កម្ពស់ការការពារសុខភាព និងសុខុមាលភាពសម្រាប់មនុស្សទាំងអស់គ្នានៅគ្រប់ទីកន្លែង ។
ជាកិច្ចបញ្ចប់,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកដ្ឋមន្តី្រ បានជូនពរ ឯកឧត្តមវេជ្ជបណ្ឌិត ព្រមទាំងសហការីឱ្យទទួលបានជោគជ័យក្នុងដំណើរបេសកកម្មរបស់ខ្លួន និងជឿជាក់យ៉ាងមុតមាំថាបេសកកម្មការងារនេះ នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយ អង្គការសុខភាពពិភពលោកឱ្យកាន់តែរឹងមាំបន្ថែមទៀត ។