នាព្រឹកថ្ងៃទី៥ ខែវិឆ្ឆិកា ឆ្នាំ២០២៤, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាលើ «ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤» ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។
ផ្អែកតាមរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤, ការអនុវត្តផែនការសកម្មភាពកែទម្រង់ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន បន្តមានចលនការ និងវឌ្ឍនភាពការងារតាមការគ្រោងទុក។ ទោះបីជាកត្តាសេដ្ឋកិច្ចសកល និងភាពស្មុគស្មាញនៃលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោកបានផ្តល់ផលរំខានដល់ការប្រមូលចំណូលជារួមរបស់កម្ពុជា តែរំហូរសាច់ប្រាក់ (Cash Flow) របស់រាជរដ្ឋាភិបាលនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នៅអាចគ្រប់គ្រងបានល្អប្រសើរ និងអាចបើកផ្តល់ជាប្រក្រតីសម្រាប់ចំណាយនានា ដូចជាចំណាយបៀវត្សរ៍សម្រាប់មន្ត្រីរាជការ ចំណាយលើប្រតិបត្តិការទំនិញ/សេវា និងចំណាយលើថ្លៃទឹកភ្លើងរបស់គ្រប់ក្រសួង ស្ថាប័ន។ ការណ៍នេះ ឆ្លុះបញ្ចាំងពីតថភាពពិតមួយក្នុងការរក្សាបាននូវភាពជឿទុកចិត្តនៃថវិកា។
ជាក់ស្តែង សកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតែដើរតួនាទីសំខាន់ក្នុងការបន្តនិរន្តរភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងនោះ, ការងារកែទម្រង់គន្លឹះៗដែលសម្រេចបាន និងបន្តមានវឌ្ឍនភាពល្អគួរឱ្យកត់សម្គាល់រួមមាន៖ យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០២៤-២០២៨ ដែលត្រូវបានអនុម័ត និងវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តផ្សេងទៀតដូចជា យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ឆ្នាំ២០២៤-២០២៨, យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ២០១៩-២០២៥, យុទ្ធសាស្រ្តកែទម្រង់ការគ្រប់គ្រងវិនិយោគសាធារណៈ ២០២៤-២០២៨, និង យុទ្ធសាស្រ្តការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ជាតិ ២០២៥-២០២៨។ ទន្ទឹមនេះ ការគ្រប់គ្រងប័ណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ ក៏កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការកើនឡើងនូវចំនួនប័ណ្ណកម្មសិទ្ធិថ្មីៗរបស់រាជរដ្ឋាភិបាល ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ត្រូវបានពង្រីកជាបន្តបន្ទាប់ ដល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស ហើយដំណើរការនៃមុខងាររបស់ប្រព័ន្ធនីមួយៗត្រូវបានពង្រឹងបន្ថែម ដើម្បីឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជារួម, ការត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤ បានបង្ហាញពីការគ្រប់គ្រងបាននូវសមិទ្ធផលសំខាន់ៗនៅក្នុងត្រីមាស បើទោះបីជាស្ថិតក្នុងស្ថានភាពមានវិបត្តិសេដ្ឋកិច្ច។ ទាំងនេះ ឆ្លុះបញ្ចាំងពីចីរភាព ការទទួលខុសត្រូវ និងការចូលរួមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងភាពប្រទាក់ក្រឡាគ្នានៃកម្មវិធីកែទម្រង់ ដែលប្រកបដោយបរិយាប័ន្ន។
ជាកិច្ចបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី ៣ ឆ្នាំ ២០២៤ នេះ និង បានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៤ នៅត្រីមាសបន្ទាប់ ដើម្បីសម្រេចតាមគោលដៅ ដែលបានគ្រោងទុក ។


















