នាព្រឹកថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» មុននឹងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័តដាក់ឱ្យអនុវត្តនាពេលខាងមុខ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
បន្ទាប់ពីបានដាក់ចេញនូវ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣២», រាជរដ្ឋាភិបាល បានសម្រេចនូវកិច្ចការអាទិភាពពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនផ្លូវទឹកជាបន្តបន្ទាប់ ដែលក្នុងនោះ «ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក» ត្រូវបានអនុម័ត និង ដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ ។
បន្ថែមពីនេះ «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» ត្រូវបានរៀបចំឡើងជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការ និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេ ឱ្យ កាន់តែមានភាពរីកចម្រើន និងស្របតាមនិន្នាការសកល ។ ក្របខណ្ឌនេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក
លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និង ការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល ។
ដើម្បីសម្រេចគោលបំណងខាងលើ, ក្របខណ្ឌនេះ កំណត់គោលដៅក្នុងការបង្កើនការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្រ ដែលគិតគូរអំពី៖
១. ការកំណត់ទីតាំងកំពង់ផែទន្លេជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និង
២. ការដាក់ចេញនូវសសរស្ដម្ភចំនួន ៥ រួមមាន៖
– ការពង្រឹងក្របខណ្ឌគតិយុត្ត,
– ការពង្រឹងយន្តការស្ថាប័ន,
– ការកំណត់អាទិភាពលើយុទ្ធសាស្ត្រវិនិយោគ,
– ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍន៍ និង
– ការអនុវត្តបញ្ជីគម្រោងនៃផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣ ។
ជាលទ្ធផល, អង្គប្រជុំ បានពិភាក្សាលើចំណុចគន្លឹះមួយចំនួន និងបានស្នើឱ្យក្រុមការងារពិនិត្យ បន្ថែមក្នុងផ្នែកខ្លះរបស់ឯកសារ ក៏ដូចជាការប្រើប្រាស់ពាក្យពេចន៍ និងទិន្នន័យ ដើម្បីឱ្យមានសង្គតិភាព និង គ្រប់ជ្រុងជ្រោយ និងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» ។
ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្នើសុំបន្តកិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេស គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» ដើម្បីកែសម្រួលស្របតាមមតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើឱ្យសេចក្ដីព្រាងក្របខណ្ឌនេះកាន់តែមានភាពច្បាស់លាស់, គ្រប់ជ្រុងជ្រោយ និងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ៕














