ព័ត៌មាន

លទ្ធផលនៃកិច្ចប្រជុំលើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០”
ថ្ងៃទី២៦ ខែ​មេសា ២០២៤


នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤, ក្រោយពីទទួលបានការណែនាំនិងតម្រង់ទិសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” មុននឹង “សេចក្តីព្រាងគោលនយោបាយជាតិ” នេះ ត្រូវដាក់ជូនសុំការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាល នាពេលខាងមុខ ។

ដើម្បីឆ្លើយតបទៅនឹងនិន្នាការតំបន់ និងសកលក្នុងវិស័យយានយន្តអគ្គិសនី ការរៀបចំ “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” សំដៅចាប់យកកាលានុវត្តភាពទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកនវានុវត្តន៍ថ្មី ស្របទៅតាមការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្ដរជាតិ, លើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងភាពធន់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចឱ្យបានអព្យាក្រឹតភាពកាបូន នាឆ្នាំ ២០៥០ ក៏ដូចជាចូលរួមការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។

“គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” មានចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងកម្រិតសុភបរមា (Optimal) ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជា ធានានូវសុខុមាលភាពប្រជាជន និងមានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់វិស័យយានយន្តអគ្គិសនី ប្រកបដោយប្រសិទ្ធភាព និងភាពបត់បែនតាមការវិវត្តរបស់បច្ចេកវិទ្យាយានយន្តអគ្គិសនី ដើម្បីធានាបាននូវសមតុល្យទាំងផ្នែកសេដ្ឋកិច្ច, សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថានល្អ ។ ទន្ទឹមនេះ, ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ អភិក្រមក្នុងការរៀបចំគោលនយោបាយជាតិនេះ ប្រកាន់ភ្ជាប់នូវគោលការណ៍ចំនួន ៣ គឺ ៖
១). ការរក្សាលំនឹងសេដ្ឋកិច្ច, សង្គម និងសុខុមាលភាពប្រជាជន,
២). អនុលោមតាមក្របខ័ណ្ឌបរិស្ថាន, សង្គម និងអភិបាលកិច្ច និង
៣). ធានាសហ-ថាមពល និងព្យាសកម្ម ។

ផ្អែកលើមូលដ្ឋាននេះ, “គោលនយោបាយជាតិ” នេះ បានដាក់ចេញនូវវិធានការមុតស្រួច ដោយផ្ដោតលើទិដ្ឋភាពចំនួន ៣ គឺ៖ ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី, ការផ្គត់ផ្គង់យានយន្តអគ្គិសនី និងការការពារបរិស្ថាន ។ “គោលនយោបាយជាតិ” នេះ ក៏បានកំណត់ផងដែរ អំពីការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និង តួអង្គពាក់ព័ន្ធ ព្រមទាំងមានការកំណត់ក្របខ័ណ្ឌពេលវេលាអនុវត្តជាក់លាក់ រួមទាំងយន្តការតាមដាន និង វាយតម្លៃការអនុវត្តវិធានការដែលបានដាក់ចេញ និងដោះស្រាយបញ្ហាប្រឈមអន្តរវិស័យនានា ដែលនឹងអាចកើតឡើងនៅពេលអនុវត្ត ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានវាយតម្លៃ ខ្ពស់ចំពោះការចូលរួមផ្តល់មតិយោបល់ និងការបង្ហាញនូវការប្តេជ្ញា និងឆន្ទៈខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការដែលនឹងត្រូវដាក់ចេញក្នុងគោលនយោបាយជាតិនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធានាការសម្រេចបាននូវចក្ខុវិស័យ និងគោលដៅដែលមានចែងក្នុង “គោលនយោបាយ ជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” នេះ ។

ព័ត៌មានពាក់ព័ន្ធ