ព័ត៌មាន និងសេចក្តីជូនដំណឹង

- សេចក្តីប្រកាសព័ត៌មាន

សេចក្ដី​ប្រកាស​ព័ត៌មាន៖ កាលពីថ្ងៃទី ២០ – ២១ ខែ ឧសភា ឆ្នាំ ២០១៥ គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (Steering Committee of Public Financial Management Reform Program – PFMRP) បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ ២០១៤ នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពីមន្ត្រី​ពាក់ព័ន្ធ​ពីគ្រប់ក្រសួង-ស្ថាប័ន និង​​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ៤០០ នាក់។ កិច្ចប្រជុំ​មានគោលបំណង​ពិនិត្យ​លើ​វឌ្ឍនភាព, បញ្ហាប្រឈម, កំណត់​គោលដៅ និង​រៀបចំ​ផែនការ​សកម្មភាព​រួមសម្រាប់​ដំណាក់កាលទី៣ ដែល​ត្រៀមដាក់ឱ្យ​អនុវត្ត​នៅដើម​ឆ្នាំ ២០១៦ និង​ត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅដំណាក់កាលទី៤ នៅឆ្នាំ២០២០

ថ្ងៃទី២៤ ខែ​ឧសភា ២០១៥

សេចក្ដីជូនដំណឹង​លេខ ០១៤ សហវ ចុះ​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៥ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​មូលបត្រ​កម្ពុជា ស្ដីពី​អង្គការ​មូលនិធិ​អភិវឌ្ឍន៍អាស៊ី​អាគ្នេយ៍-(Asean Instrument Foundation) សមាគម​អ្នក​ប្រឹក្សា​វិនិយោគ-ICA (Investment Consultant Association) និង​ក្រុមហ៊ុន EBC (Empire Big Capital limited) ដែលមាន​ទីតាំងនៅ​ទីក្រុង​ហុងកុង បានរួម​គ្នា​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​និង​សិក្ខាសាលា​នៅ​រាជធានី និង​នៅតាម​បណ្ដា​ខេត្ត​នានា ព្រមទាំង​បានធ្វើ​ការទាក់ទាញ​អតិថិជន​ថ្មីៗជា​លក្ខណៈ​បណ្ដាញ​តៗគ្នា ដើម្បីឱ្យ​សាធារណជន​ដាក់​ប្រាក់​វិនិយោគ​ដោយផ្ទាល់ ឬ​បើក​គណនី​នៅ​ធនាគារ នៅក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន EBC ដោយ​សន្យា​ផ្ដល់​ដល់​អ្នក​ដាក់​ប្រាក់​វិនិយោគ​ទាំងនោះ​នូវ​ផលប្រយោជន៍​ជា​កម្រៃ​ហិរញ្ញវត្ថុ​ប្រចាំខែ ១០% សម្រាប់​រយៈពេល ១៨ខែ ដែលជា​ប្រាក់ចំណេញ​ខ្ពស់​ខុសពី​ធម្មតា។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​មូលបត្រ​កម្ពុជា សូម​អំពាវនាវ​ឱ្យ​សាធារណៈ​ជន​មេត្តា​ប្រុងប្រយ័ត្ន ក្នុងការ​ដាក់​ប្រាក់សន្សំ ឬ​ដាក់​ប្រាក់​វិនិយោគ​នៅក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន EBC។

ថ្ងៃទី២១ ខែ​ឧសភា ២០១៥

«យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម ២០១៤ – ២០១៨» ជា​ផ្នែក​មួយនៃ​ការ​បន្តពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​កែ​ទម្រង់​ស៊ីជម្រៅលើគ្រប់វិស័យ។ យុទ្ធសាស្ត្រ​នេះ ផ្ដោត​លើ​គោលការណ៍​សំខាន់ចំនួន ៤ គឺ (១)-​ប្រមូល​ឱ្យ​អស់​​លទ្ធភាព​នូវ​សក្ដានុពល​ប្រមូលចំណូល​ដែល​មាន​​នា​ពេល​បច្ចុប្បន្ន, (២)-មិនបង្កើតប្រភេទ​ពន្ធថ្មី (៣)-​មិនដំឡើង​អត្រាពន្ធ និងអាករ លើកលែង​តែ​ក្នុង​ករណី​ប៉ះប៉ូវ​ដល់ការ​បាត់ចំណូល និង​ការ​ការពារ​សុខភាព និង/ឬ ការ​ការពារ​បរិស្ថាន និង (៤)-ធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និង យុទ្ធធម៌ ព្រមទាំងធានា​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ក្នុង​ការគ្រប់គ្រង និង​ប្រមូល​ចំណូល។

ថ្ងៃទី៩ ខែ​មេសា ២០១៥
Download English Version 5.48 MB download : 245