តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ មិថុនា ឆ្នាំ ២០១៥ (TOFE for June 2015) នៅពាក់កណ្ដាលឆ្នាំ ២០១៥ គិតត្រឹមខែមិថុនា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានការគ្រប់គ្រង និងស្ថិរភាពល្អ ដូចជា ស្ថេរភាពអត្រាប្ដូរប្រាក់ និង អតិផរណាមានកម្រិតទាប។ ចំណែកសកម្មភាពសេដ្ឋកិច្ចនៅតាមវិស័យនីមួយៗនៅតែបន្តកើនឡើងល្អ ដូចជាមានការកើនឡើងផ្នែកនាំចេញផលិតផលកសិកម្ម និងផលិតផលឧស្សាហកម្មនានា។ ប្រទេសកម្ពុជា ហាក់បីដូចជាមិនសូវមានផលប៉ះពាល់ពីការទម្លាក់ថ្លៃលុយយ័នរបស់ចិននៅឡើយ បើទោះបីជាប្រទេសកម្ពុជាធ្វើការនាំចេញផលិតផលគិតជាដុល្លារក្ដី។ ផ្ទុយទៅវិញ វត្ថុធាតុដើមដែលនាំចូលមកពីចិនមានតម្លៃថោកជាងមុន ដែលជាការល្អទៅវិញសម្រាប់ឧស្សាហកម្ម និងការធ្លាក់ចុះនៃតម្លៃប្រេង គឺជាសញ្ញាមួយល្អសម្រាប់ប្រទេសនាំចូលប្រេងដូចកម្ពុជា។ ចំណែកវិស័យសារពើពន្ធអនុវត្តទៅតាមការគ្រោង ដោយខិតខំបង្កើនប្រសិទ្ធភាពលើការប្រមូលពន្ធ និងការចំណាយត្រូវបានបន្តត្រួតពិនិត្យយ៉ាងម៉ត់ចត់ ក្នុងន័យបង្កើនប្រសិទ្ធភាពសន្សំសំចៃថវិកា និងការផ្ដល់សេវាឱ្យកាន់តែប្រសើរឡើង។ ថ្ងៃទី១៦ ខែកញ្ញា ២០១៥