ស្ថានភាពអតិផរណានៅខែ ធ្នូ ឆ្នាំ២០១៥តាមប្រភពពីវិទ្យាស្ថានជាតិស្ថិតិបង្ហាញថា នៅខែធ្នូ ឆ្នាំ២០១៥ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញ បានកើនឡើង ០,២% ធៀបនឹងខែកន្លងទៅ។ ជារួម សម្រាប់ឆ្នាំ២០១៥ អតិផរណាមធ្យមប្រចាំឆ្នាំ (year average) មានកម្រិត ១,២% និងអតិផរណាប្រចាំឆ្នាំ (year on year) មានកម្រិត ២,៨% ។ តាមការសង្កេត អតិផរណានៅឆ្នាំ២០១៥ មានកម្រិតទាបសមស្រប ដោយសារសន្ទស្សន៍ថ្លៃការដឹកជញ្ជូន សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ននិងឥន្ធនៈដទៃទៀត និងសន្ទស្សន៍ថ្លៃទំនិញនិងសេវាកម្មផ្សេងៗ មានការធ្លាក់ចុះទាប ។ ប៉ុន្តែ សន្ទស្សន៍ថ្លៃទំនិញមួយចំនួនទៀត ក៏មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ដែរ ដូចជា សន្ទស្សន៍ថ្លៃភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់កើនឡើងខ្ពស់ដល់ ១០,១% មកពីមានការកែសម្រួលអត្រាអាករពិសេសលើបារីនិងស្រា សន្ទស្សន៍ថ្លៃភោជនីយដ្ឋានកើនឡើងដល់ ៧,៣% សន្ទស្សន៍ថ្លៃអាហារនិងភេជ្ជៈមិនមែនជាតិស្រវឹងកើនឡើង ៥,៥% និងសន្ទស្សន៍ថ្លៃសំលៀកបំពាក់និងស្បែកជើង កើនឡើង ៥,៦% ជាដើម ។ ក្រៅពីនេះ គឺស្ថិតនៅក្រោម ៥% ឬ ប្រហាក់ប្រហែលឆ្នាំកន្លងទៅ ។ ថ្ងៃទី២៧ ខែមិថុនា ២០១៦