ព័ត៌មាន

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)
ថ្ងៃទី២០ ខែ​ធ្នូ ២០២៤

នាព្រឹក ថ្ងៃទី ១៨ ខែ ធ្នូ គ.ស. ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយបានទទួលបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣ លានអឺរ៉ូ ត្រូវជា ប្រមាណ ១៩២,២ លានដុល្លារអាម៉េរិក ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និង កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ ដូចខាងក្រោម៖
១- “កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្ដារឡើងវិញអាងស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project)” មានទឹកប្រាក់ឥណទានចំនួន ៩១ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៥,៦ លាន ដុល្លារអាម៉េរិក ។ គម្រោងនេះ មានគោលបំណង៖ ១. ស្តារឡើងវិញស្ទឹងស្វាយចេក ស្ដារអាងស្តុកទឹកចំនួន ២៨ កន្លែង បង្កើនសមត្ថភាពចំនួន ៥ កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦ កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ២. គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប និង ៣. ពង្រឹងដល់ការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការ តាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង ។
២- “កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី ៣ (Bakheng Water Supply Project Phase III, Credit No.2)” គឺជាកញ្ចប់ឥណទានទី ២ ដែលមានទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤ លានដុល្លារអាម៉េរិក ។ កញ្ចប់ឥណទានទី ២ នេះ មានគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វារឱ្យបាន ១៣០,០០០ម៣ថ្ងៃ, បំពាក់បំពង់មេនាំទឹក និងពង្រីកប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០ គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្ដាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។
៣- “កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១២ លានអឺរ៉ូ” ត្រូវជាប្រមាណ ១២,៦ លានដុល្លារអាម៉េរិក ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី៣។ ជំនួយបច្ចេកទេសនេះ ផ្តោតលើ៖ ១. ការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈការជួយរៀបចំផែនការមេថ្នាក់ជាតិ សម្រាប់វិស័យទឹកស្អាត, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ជាតិ, គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងការបណ្តុះបណ្តាលផ្សេងៗ, និង ២. ការកសាងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់គ្រងហានិភ័យ, ការរៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្តាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដ៍ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈ AFD និង សហភាពអឺរ៉ុប (EU) ។ គម្រោងទាំង ២ នេះ នឹងជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ចនៅកម្ពុជា ដែលឆ្លើយតបទៅនឹងអាទិភាពនៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១” របស់ រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាព វិស័យដឹកជញ្ជូន និងវិស័យទឹកស្អាត, និងការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ។

ព័ត៌មានពាក់ព័ន្ធ