នារសៀល ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលការចូលជួបសម្តែងការគួរសមពីសំណាក់លោកស្រី Yati Kurniati នាយកប្រតិបត្តិនៃ Southeast Asia Voting Group (SEAVG), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។
ជាមួយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចជាក់ស្តែងរបស់លោកស្រី Yati Kurniati នៅកម្ពុជា ចំមុនពេលកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជារួមនូវស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែលរក្សាបាននៅភាពធន់ល្អ នៅចំពោះមុខស្ថានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅក្តី ក្នុងនោះ វិស័យខ្លះមានភាពប្រសើរជាងការរំពឹងទុក ខណៈវិស័យផ្សេងមួយចំនួនទៀតអាចប្រឈមនឹងការថមថយជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ ។ កម្ពុជា បានប្រកាន់យកគោលដៅក្នុងការសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣%ឆ្នាំ ២០២៥ ។ ទន្ទឹមគ្នានេះ, រាជរដ្ឋាភិបាលក៏នៅបន្តតាមដានស្ថានភាពសេដ្ឋកិច្ចយ៉ាងយកចិត្តទុកដាក់ទាំងផ្នែកខាងក្នុង និងខាងក្រៅ ហើយនឹងធ្វើការវាយតម្លៃសេដ្ឋកិច្ចឡើងវិញក្នុងពេលខាងមុខ ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ផងដែរថា ការវាយតម្លៃស្ថានភាព និងកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ អាចនឹងមានភាពខុសគ្នារវាងស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ នានា អាស្រ័យលើទិន្នន័យ, ការសន្មត និងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ។
ចំពោះទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបង្ហាញពីការគិតគូររបស់រាជរ ដ្ឋាភិបាល ក្នុងការប្រកាន់ជំហរ គោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន (Gradual Consolidation Fiscal Stance) សម្រាប់រយៈពេលមធ្យម ដោយពង្រឹងការប្រមូលចំណូល, បង្កើនប្រសិទ្ធភាពចំណាយ និង ចាយចំគោលដៅ ព្រមទាំងកសាងទ្រនាប់ថវិកាឡើងវិញសម្រាប់ទ្រទ្រង់កំណើន និងភាពធន់សេដ្ឋកិច្ចកម្ពុជា ។ ជាក់ស្តែង, រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំគោលនយោបាយផ្សេងៗ ដូចជា «យុទ្ធសាស្ត្រកៀរគរចំណូល២០២៤-២០២៨», «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៤-២០២៨» ជាដើម ។ ជាមួយគ្នានេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្របសម្រួលក្នុងការរៀបចំគោលនយោបាយសារពើពន្ធ ដែលមានការសម្របសម្រួលជាមួយនឹងគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅជំរុញកំណើន និងធានាស្ថិរភាពហិរញ្ញវត្ថុ ។
លោកស្រី Yati Kurniati បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាលើភាពបុរេសកម្មនិងម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងផ្លែផ្កាកំណើនដែលកម្ពុជាទទួលបាននាពេលកន្លងមកនិងការឈានទៅសម្រេចគោលដៅរយៈពេលវែងខាងមុខ ។ ជាមួយគ្នានេះ, លោកស្រី Yati Kurniati ក៏បានជម្រាបថា បេសកកម្ម Article IV នឹងបន្ថែមនូវការវាយតម្លៃតាមរយៈភាពគ្រប់គ្រាន់នៃទិន្នន័យ(Data Adequacy Assessment) ដែលនឹងចាប់អនុវត្ដពីឆ្នាំនេះតទៅ ក្នុងគោលបំណងកែលម្អការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរ និងអាចដាក់ចេញនូវអនុសាសន៍គោលនយោបាយកាន់តែមានប្រសិទ្ធភាព ។ លោកសី Yati Kurniati បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រ និងការពារជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុអន្តរជាតិ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីការផ្ដល់អាទិភាពខ្ពស់ចំពោះការបង្កើនគុណភាពទិន្នន័យ និងការចែករំលែកទិន្នន័យជាមួយភាគីពាក់ព័ន្ធ ដោយក្នុង នោះរាជរដ្ឋាភិបាលបាននិងកំពុងផ្ដោតសំខាន់លើការកសាងសមត្ថភាពចងក្រងទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ តាមរយៈការស្នើសុំជំនួយ បច្ចេកទេសពីមូលនិធិរូបិយវត្ថុអន្តរជាតិលើការកសាងស្ថាប័ន ក៏ដូចជាសមត្ថភាពចងក្រងទិន្នន័យ ជាពិសេស គឺ ទិន្នន័យគណនេយ្យជាតិ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះជំហររបស់លោកស្រី ក្នុងការការពារផលប្រយោជន៍របស់កម្ពុជានៅក្នុងក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុ អន្តរជាតិ ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរលោកស្រី Yati Kurniati និងក្រុមការងារទទួលបានជោគជ័យជាផ្លែផ្កាក្នុងទស្សនកិច្ចមកកម្ពុជា ។