ព័ត៌មាន

ជំនួបសវនាការរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៩ ខែ​សីហា ២០២៤

នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បានអនុញ្ញាតឱ្យលោក អាសាដ យ៉ាកុប (Asad Yaqub), តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា, ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងាររបស់ខ្លួននៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អាសាដ យ៉ាកុប ដែលបានបំពេញការងារក្នុងអាណត្តិរយៈពេល ៥ ឆ្នាំ កន្លងមក និងបានកសាងស្នាដៃ និងសមិទ្ធផលជាច្រើន ដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា, ពិសេសការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ចាប់តាំងពីឆ្នាំ ២០០០ មក, ក្នុងវិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិ-ពាណិជ្ជកម្ម និងវិស័យអប់រំ, ដែលជាលទ្ធផល បានជួយបង្កើតឱកាសការងារថ្មី, បង្កើនប្រាក់ចំណូល និង កាត់បន្ថយភាពក្រីក្រនៅកម្ពុជា គួរឱ្យកត់សម្គាល់ ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យ IFC ពិនិត្យ និងជួយគាំទ្របន្ថែមដល់វិស័យថ្មី (Emerging Sectors) ដូចជា៖ វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង ព្រមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម ផងដែរ ។

លោក អាសាដ យ៉ាកុប បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អិតល្មួត រវាង IFC និងរាជរដ្ឋាភិបាល ក៏ដូចជា វិស័យឯកជននានា នាពេលកន្លងទៅ ដែលបានធ្វើឱ្យអាណត្តិកិច្ចរបស់លោក បញ្ចប់ដោយជោគជ័យ ប្រកបដោយផ្លែផ្កាជាច្រើន ។ លោក អាសាដ យ៉ាកុប កោតសរសើរចំពោះ ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និង IFC ក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់ជីវភាពរបស់ប្រជាជន, ជាពិសេស លើវិស័យហិរញ្ញវត្ថុ ។ ជារួម, IFC បានជួយបង្កើនប្រភពហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) រហូតដល់ ៩៩% ក្នុងចំណោមវិស័យឯកជនសរុបទូទាំងប្រទេស និងបានផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានច្បាប់ National Payment System និងការរៀបចំច្បាប់ និង បទប្បញ្ញត្តិ ក្នុងការចែករំលែកព័ត៌មានឥណទាន (Credit-Information Sharing) ដូចជា ការបង្កើតឱ្យ មាន Private Credit Bureau ចាប់ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន ។ បន្ថែមលើនេះ, ក្រោមក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP), IFC ក៏បានពង្រឹងសមត្ថភាពមន្ត្រី (Capacity Building) តាមរយៈការចូលរួមទស្សនកិច្ចសិក្សា, សិក្សាវគ្គបណ្តុះបណ្តាលនានា និងការផ្តល់សេវាទីប្រឹក្សា ដែលគាំទ្រ ដល់ការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ។ លោក អាសាដ យ៉ាកុប បានជម្រាបជូនបន្ថែមថា ក្នុងអាណត្តិការងាររបស់លោក ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ, IFC បានបង្កើនទំហំវិនិយោគ ពីចំនួន ១៦៧.៥ លានដុល្លារអាម៉េរិក រហូតដល់ ៤៣៨.៥ លានដុល្លារអាម៉េរិក ដែលផ្តោតជារួមលើវិស័យហិរញ្ញវត្ថុ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរលោក អាសាដ យ៉ាកុប ទទួលបានជោគជ័យថ្មីជាបន្តបន្ទាប់ទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់លោក នាអនាគត ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ IFC ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ ឱ្យកាន់តែរឹងមាំ បន្ថែមទៀត ។

ព័ត៌មានពាក់ព័ន្ធ