នាព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីឌីអូជាមួយលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវកិច្ចស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិការងាររបស់ជំទាវនៅកម្ពុជានាពេលនេះ ។ ជាមួយគ្នានេះ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការចូលរួមរំលែកការលំបាកដែលប្រជាជនឥណ្ឌាកំពុង ប្រឈមនាពេលបច្ចុប្បន្ន ដោយសារការរាតត្បាតយ៉ាងខ្លាំងក្លានៃជំងឺកូវីដ-១៩ ហើយសង្ឃឹម និងជឿជាក់ថា កម្ពុជា-ឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធទប់ស្កាត់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងក៏ដូចជាក្នុងវិស័យអាទិភាពនានា ទោះស្ថិតក្នុងកាល:ទេស:ដែលប្រទេសទាំងពីរ និងពិភពលោក កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ។