ព័ត៌មាន

សិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ FMIS ជំហានទី២ នៅតាមក្រសួង-ស្ថាប័ន”
ថ្ងៃទី២៧ ខែ​ឧសភា ២០១៦

នាថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦​ វេលាម៉ោង ៨:៣០ នាទី​ព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ (FMIS: Financial Management Information System) ជំហានទី ២ នៅតាមក្រសួង-ស្ថាប័ន” ក្រោមអធិបតីភាពរបស់ឯកឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និង ​ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជា ប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីប្រព័ន្ធ FMIS ជំហានទី ១ និង សេចក្តីព្រាងផែនការអនុវត្តគម្រោង FMIS ជំហានទី ២ ជូនដល់គ្រប់ក្រសួង​ ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធ​ ពិសេសដើម្បីប្រមូល ធាតុចូលសំខាន់ៗពីក្រសួង ស្ថាប័ន និង កៀរគរការគាំទ្ររឹតតែខ្លាំងចំពោះការបន្តអនុវត្តគម្រោង FMIS ជំហានទី ២ នៅឆ្នាំ ២០១៧ ខាងមុខ ។

នៅក្នុងសិក្ខាសាលានោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ឱ្យដឹងថា គម្រោង FMIS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ និង ជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ដំណាក់កាល គិតចាប់តាំងពីដំណាក់កាលទី ១ “ភាពជឿទុកចិត្តបាននៃថវិកា”, ដំណាក់កាលទី ២ “ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ” និង ដំណាក់កាលទី ៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ។ ជាក់ស្តែង ការអនុវត្តបុរេលក្ខខណ្ឌក្នុងការកសាងប្រព័ន្ធ FMIS តាមរយៈ “យុទ្ធសាស្ត្រត្រៀមលក្ខណៈក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS” ឬ ហៅកាត់ថា “យុទ្ធសាស្ត្រ ៣+២” បានជំរុញឱ្យសម្រេចបាននូវការងារគន្លឹះជាច្រើនរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងពីរដំណាក់កាល ក្រោមការដឹកនាំ​ផ្ទាល់របស់ឯកឧត្តម​បណ្ទិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្របតាមចក្ខុវិស័យ និង ការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍ និង កំណើនជូនប្រជាជនកម្ពុជា ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានបញ្ជាក់ទៀតថា សមិទ្ធផលនៃគម្រោង FMIS ពោលគឺ “ប្រព័ន្ធ FMIS” នឹងដើរតួនាទីកាន់តែសំខាន់ ដូចជាឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលបន្តបន្ទាន់ ពិសេសដំណាក់កាលទី ៣ គឺ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ដែលទាមទារឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម និង ភាពជាម្ចាស់ពីបណ្ដាក្រសួង ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាល ។ ជាក់ស្តែង នៅក្នុងដំណាក់កាលទី ១ និង ទី ២ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺជាអ្នកនាំមុខ ហើយការងារកែទម្រង់ភាគច្រើនគឺស្ថិតនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ប៉ុន្តែនៅក្នុងដំណាក់កាលទី ៣ នេះ ការងារភាគច្រើន ត្រូវបានផ្ទេរពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទៅក្រសួង-ស្ថាប័ន ដែលជាអង្គភាពថវិកា ទទួលបានសិទ្ធិ និង ការទទួលខុសត្រូវក្នុងការអនុវត្ត​ និង គ្រប់គ្រងថវិកាតាមកម្មវិធី ហើយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនឹងដើរតួនាទីជាអ្នកសម្របសម្រួលវិញ ។ នៅក្នុងដំណាក់កាលទី ៣ នេះ ប្រព័ន្ធ FMIS គឺជាឧបករណ៍គន្លឹះ ដែលមិនអាចខ្វះបាន និង មានសារៈប្រយោជន៍បំផុតក្នុងការដាក់ឱ្យអនុវត្តមាតិកាថវិកាថ្មី, ការកត់ត្រាតាមស្តង់ដារគណនេយ្យ និង ប្លង់គណនេយ្យថ្មី, អង្គភាពថវិកា, ការកែសម្រួល និង តម្រង់ទិសនីតិវិធីអនុវត្ត និង គ្រប់គ្រងថវិកា, ការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ការពង្រឹងសវនកម្ម និង ការត្រួតពិនិត្យផ្ទៃក្នុង និង ការពង្រឹង និង ពង្រីកប្រព័ន្ធថវិកាកម្មវិធីពេញលេញជាជំហានៗ នៅតាមក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ។

ក្នុងនាមជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានជម្រាបអង្គសិក្ខាសាលាអំពីបទពិសោធន៍ និង បញ្ហាប្រឈមនានា នៃដំណើរការអភិវឌ្ឍគម្រោង FMIS ជំហានទី ១ ដែលក្រុមការងារ បានជួបប្រទះ និង ព្យាយាមដោះស្រាយអស់ពីកម្លាំងកាយចិត្ត និង បញ្ញាស្មារតី ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រព័ន្ធ FMIS ថ្មីមួយ ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ស្តីពីការគ្រប់គ្រងហានិភ័យ ជាពិសេសការគ្រប់គ្រងការផ្លាស់ប្ដូរ ដើម្បី ឱ្យការអនុវត្តគម្រោងនៅតាមក្រសួង-ស្ថាប័ន អាចចៀសចាកផុតជាអតិបរមានូវបញ្ហាប្រឈម និង ចំណុចខ្វះខាត ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានឱ្យដឹងថា តាមរយៈប្រព័ន្ធ FMIS ក្រសួង ស្ថាប័នទាំងអស់នឹងអាចធ្វើប្រតិបត្តិការរបស់ខ្លួនជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដោយផ្ទាល់លើការងារប្រចាំថ្ងៃដូចជា ការធានាចំណាយ, ការទូទាត់អាណត្តិ, ការធ្វើវិភាជន៍​ ផ្ទេរ/និយ័ត ថវិកា និង ការតាមដានឥណទានថវិកា តាម​រយៈប្រព័ន្ធទំនើបកម្មគ្រប់គ្រងហិរញ្ញវត្ថុ និង ថវិកាប្រកបដោយភាពសមាហរណកម្ម និង សង្គតិភាព ។ ជាលទ្ធផល ប្រព័ន្ធ FMIS នឹងសម្រួលដល់ការរក្សាទុក និង ស្វែងរកឯកសារ, បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងសាច់ប្រាក់, ពន្លឿនការទូទាត់ចំណាយ និង ការងារលទ្ធកម្ម, សម្រួលដល់ការរៀបចំរបាយការណ៍បានលឿន ត្រឹមត្រូវ និង មានសង្គតិភាព, និង សម្រួលដល់ការអនុវត្តថវិកាកម្មវិធី តាមសកម្មភាព ចង្កោមសកម្មភាព អនុកម្មវិធី និង កម្មវិធីផ្សារភ្ជាប់ជាមួយចំណាត់ថ្នាក់សេដ្ឋកិច្ច និង ចំណាត់ថ្នាក់រដ្ឋបាល ព្រមទាំងកាត់បន្ថយការប្រើប្រាស់ក្រដាសច្រើន ។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមសកម្មនៅក្នុងកិច្ចពិភាក្សា, ផ្ដល់នូវធាតុចូលសំខាន់ៗជាគន្លឹះជាក់ស្ដែង, ចែករំលែកចំណេះដឹង និង ក្តីបារម្ភ និង សំណូមពរ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់សាមីក្រសួង-ស្ថាប័ន ក៏ដូចជារួមចំណែកផ្ទាល់ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានជោគជ័យតាមគោលដៅ ។

ព័ត៌មានពាក់ព័ន្ធ