ព័ត៌មាន

ជំនួបសម្តែងការគួរសម រវាងឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ ឯកឧត្តម កាន់ដា ម៉ាសាតូ (KANDA Masato) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ថ្ងៃទី២១ ខែ​មីនា ២០២៥

ព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម កាន់ដា ម៉ាសាតូ (KANDA Masato) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលឯកឧត្តម រួមជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២៥។ នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់ឯកឧត្តម កាន់ដា ម៉ាសាតូ ក្នុងនាមជាប្រធានថ្មីរបស់ ADB មកកាន់ប្រទេសជាសមាជិក ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងភាពជាដៃគូរឹងមាំ រវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កាន់ដា ម៉ាសាតូ ផ្ទាល់ ដែលបានចូលកាន់តំណែងជាប្រធាន ADB កាលពីពេលថ្មីៗនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពី «ចក្ខុវិស័យកម្ពុជា» សំដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់ដោយបានរៀបចំ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដូចជា «យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ (CPS 2024-2028)» ។ អាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដែលរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ រដ្ឋសភា ស្របតាមទិសដៅ គោលនយោបាយរយៈពេលមធ្យម និងវែង ក្នុងកាលៈទេសៈនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មសេដ្ឋកិច្ចសកល ។ ការពង្រឹងសមត្ថភាពស្ថាប័ន, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងការពង្រឹងការកៀរគរចំណូលក្នុងស្រុក ជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។ កម្ពុជា ក៏បាននិងកំពុងចាត់វិធានការយ៉ាងសកម្មក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង ភាពធន់នៃសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់រវាងបណ្តាប្រទេសអាស៊ាន តាមរយៈការពង្រឹងការតភ្ជាប់តំបន់អាស៊ាន, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកទឹកចិត្តដល់ការវិនិយោគ, ការបង្កើនប្រសិទ្ធភាពនៃការប្រមូលពន្ធ, ការអភិវឌ្ឍមូលធនមនុស្ស, និងការរៀបចំគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។
ជាមួយគា្ននោះ, ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែស៊ីជម្រៅថែមទៀតជាមួយសេដ្ឋកិច្ចតំបន់ និងសកលលោក ក្នុងខណៈដែលសេដ្ឋកិច្ចកម្ពុជានឹងឈានឡើងមួយកម្រិតទៀតនាពេលខាងមុខ, ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសក្តានុពល បញ្ហាប្រឈមជាយថាហេតុ ក៏ដូចជា យុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការជំនះបញ្ហាប្រឈម ដោយផ្តោតលើ៖ ១. ការអភិវឌ្ឍមូលធនមនុស្ស ការបណ្ដុះបណ្តាល និងការអភិវឌ្ឍជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្ពុជានឹងខិតខំបន្ថែមទៀតដើម្បីបង្វែរពីការផ្គត់ផ្គង់កម្លាំងពលកម្មដោយកម្លាំង ទៅជាកម្លាំងពលកម្មដែលបង្កើនតម្លៃបន្ថែមខ្ពស់ (From labour intensive to value added labour), ២. ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ទាំងនៅរដ្ឋបាល ធុរកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៣. ការពង្រឹងលើវិស័យដែលកម្ពុជាមានសក្ដានុពល ដូចជា វិស័យកសិកម្ម, វិស័យទេសចរណ៍ វិស័យឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ និងឧស្សាហកម្មបៃតង (Green Economy), ៤. ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ស្របតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, និង ៥. ការស្នើឲ្យបន្ដផ្ដល់ដល់កម្ពុជានូវហិរញ្ញប្បទានឥតសំណង និងឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដើម្បីជួយកម្ពុជាសម្របខ្លួនទៅនឹងស្ថានភាពសេដ្ឋកិច្ចថ្មី ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ជាដើម ។
ឯកឧត្តម កាន់ដា ម៉ាសាតូ បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងថ្លែងគាំទ្រកម្ពុជា ក្នុងដំណើរសម្រេចតាមគោលដៅអភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ឡើងវិញនូវជំហររឹងមាំរបស់ ADB ក្នុងការបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល គាំទ្រដល់ដំណើររបស់កម្ពុជា ឆ្ពោះទៅរកវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរឯកឧត្តម កាន់ដា ម៉ាសាតូ ព្រមទាំងសហការី ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ។

ព័ត៌មានពាក់ព័ន្ធ