នារសៀលថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ស្តីអំពីហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគី នាឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ មានវត្តមាននាឱកាសនេះ ក៏មានឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាចូលរួមផងដែរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម KATO Katsunobu និងសហការី ដែលបានឆ្លៀតពេលមកជួបពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈ ដែលប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” កាលពីឆ្នាំ ២០២៣ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសន្តិភាព និងបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។ ទំនាក់ទំនងជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីក ឥតឈប់ឈរ ជាមួយគ្នានេះ ហិរញ្ញប្បទានពីប្រទេសជប៉ុនទាំងឥណទានសម្បទា និងហិរញ្ញប្បទានឥតសំណង បានឆ្លើយតបទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ លើសពីនេះ, ហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន បានរួមចំណែកដល់ការតភ្ជាប់ផ្ទៃក្នុងប្រទេសកម្ពុជា និងឈានទៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ។
ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន បានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ទាំងក្នុងក្របខណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងវិនិយោគផ្ទាល់ពីប្រទេសជប៉ុន។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃហិរញ្ញប្បទានសហប្រតិបត្តិការ របស់ជប៉ុននៅកម្ពុជា ជាពិសេស គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ផ្លូវថ្នល់ ស្ពាន កំពង់ផែអន្តរជាតិ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី មន្ទីរពេទ្យ និងសាលារៀន ជាដើម ។ ការចូលរួមចំណែកពី សំណាក់វិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនជប៉ុនផងដែរ បានដើរតួនាទីយ៉ាងសំខាន់ ដល់ការអភវិឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារ ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ, ទន្ទឹមនឹងគាំទ្រកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ រដ្ឋាភិបាលជប៉ុនក៏ផ្តោតការយកចិត្តទុកដាក់ផងដែរ ដល់ការវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលជាកត្តាគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ក្នុងឱកាសនេះដែរ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យឯកជនគឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ រាជ-រដ្ឋាភិបាល បាននិងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ វិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងរាជរដ្ឋាភិបាលគឺជាយុទ្ធសាស្ត្រវិទូ ។ ជាមួយគ្នានេះដែរ, វេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលវិស័យឯកជនជួបប្រទះ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ, ប៉ិនប្រសប់, និង គតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន បានពិភាក្សាផងដែរ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងក្របខណ្ឌអាស៊ាន អាស៊ានបូក ១ និង អាស៊ានបូក ៣
ជាដើម ។ល។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្ដងទៀត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជូនពរ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន និងសហការី សូមបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ។














