នារសៀលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ឯកឧត្តម អ៉ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ពិភាក្សាលើទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់វិស័យ អប់រំ និងការវិនិយោគនៅកម្ពុជាក្នុងបរិបទយុទ្ធសាស្ត្រ Global Gateway ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍ និងបញ្ជាក់ជូនអំពីកិច្ចខិតខំប្រឹងប្រែង និង សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពស្វាហាប់ និងរឹងមាំ ក្នុងនោះ ទោះបីជា ក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្ត្រនយោបាយ, ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា បាន និងកំពុងស្ថិតនៅលើគន្លងវិថីដ៏ត្រឹមត្រូវ ដែលកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ អាចនឹងសម្រេចបានក្នុងរង្វង់ ៦% និងបន្តធានាស្ថិរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែក ហិរញ្ញប្បទានលើគ្រប់វិស័យ, ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចសកល តំបន់អឺរ៉ុប ក៏ដូចជាតំបន់អាស៊ីដែលបានជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើសេដ្ឋកិច្ចកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីវិធានការនានាដែលកម្ពុជាបានដាក់ចេញ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញបន្ទាប់ពីវិបត្តិនៃការរាលដាលរបស់ជំងឺកូវីដ ១៩ និងភូមិសាស្ត្រនយោបាយ, ដូចជា វិធានការក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការខិតខំពង្រឹងក្នុងការកៀគរចំណូល និងចំណាយសាធារណៈ, ពន្ធដារ, ការគ្រប់គ្រងអថេផរណា និងធនាគារ, ការបង្ករបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ, ជំរុញការនាំចេញ និងកសិកម្ម ជាដើម ។
ឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានបង្ហាញជំហរក្នុងការគាំទ្រ និងចូលរួមយ៉ាង សកម្ម ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិស័យអប់រំ នៅកម្ពុជា ទាំងក្នុងទម្រង់ជាថវិកាគាំទ្រ និងជំនួយបច្ចេកទេស លោកក៏បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ Global Gateway គឺជា ឧបករណ៍ដ៏មានតម្លៃសម្រាប់ការទាក់ទាញការវិនិយោគរបស់សហភាពអឺរ៉ុប និងជំរុញកំណើនប្រកបដោយចីរភាព៖ “សហភាពអឺរ៉ុបបានបង្ហាញជំហរប្តេជ្ញាចំពោះភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរ បែបបៃតង និងឌីជីថល និងរួមដំណើរជាមួយប្រទេសកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ។ យុទ្ធសាស្ត្រវិនិយោគ Global Gateway នឹងក្លាយជាឧបករណ៏របស់សហភាពអឺរ៉ុបសម្រាប់កម្ពុជានៅក្នុងដំណាក់កាលនេះ ។”
ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ សហភាពអឺរ៉ុបដែលគាំទ្រកម្ពុជាដើម្បីការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា, ទាំងផ្នែកបច្ចេកទេស និង ផ្នែកហិរញ្ញប្បទាន, ជាពិសេស ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាលទី ១ “ភាពជឿទុកចិត្តនៃថវិកា” រហូតដល់ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម” នាពេលបច្ចុប្បន្ន ។