នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា គ.ស. ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៣ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាង “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” ក្នុងគោលបំណងធ្វើឱ្យសេចក្តីព្រាងក្របខណ្ឌគោលនយោបាយនេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន ក្នុងបរិបទសេដ្ឋកិច្ច-សង្គមកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ និងបានផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. សារបាននៃក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៖
ដើម្បីឆ្លើយតបនឹងគោលដៅ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០, កម្ពុជាត្រូវការជាចាំបាច់នូវប្រព័ន្ធគាំពារសង្គមមួយដែលកាន់តែរឹងមាំ។ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាត្រូវតែបន្តសក្តានុពលក្នុងការបោះជំហានទៅមុខបន្ថែមទៀត ដើម្បីឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពចំពោះបញ្ហាប្រឈម ទាំងក្នុងកម្រិតសកល និងកម្រិតជាតិ តាមរយៈការបែងចែកធនធានឡើងវិញឱ្យកាន់តែប្រសើរ ចូលរួមធានាបាននូវសមធម៌ បរិយាបន្ន និងសាមគ្គីធម៌ក្នុងសង្គម។
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ, បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥”, ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាបានបោះជំហាន យ៉ាងមុតមាំ។ ទោះយ៉ាងនេះក្តី, តាមការចង្អុលបង្ហាញរបស់ក្របខណ្ឌគោលនយោបាយនេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្របសម្រួលគោលនយោបាយ និង យុទ្ធសាស្ត្រនានាដែលបានដាក់ចេញកន្លងមក ដើម្បីឱ្យ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” មានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព សំដៅអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យឈានដល់ដំណាក់កាលថ្មីមួយដែលមានលក្ខណៈកាន់តែរឹងមាំ កាន់តែប្រមូលផ្តុំ និងកាន់តែមានប្រសិទ្ធភាពក្នុងការអនុវត្ត ។
ក្នុងន័យនេះ, សេចក្ដីព្រាង “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” គឺជាការធ្វើបច្ចុប្បន្នកម្មលើ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” ឱ្យស្របតាមបរិបទជាក់ស្ដែងនៅកម្ពុជា ។
២. ខ្លឹមសារសង្ខេបនៃសេចក្តីព្រាង “ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” ៖
សេចក្តីព្រាង “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” ផ្តោតលើការកែទម្រង់អភិក្រមនៃប្រព័ន្ធគាំពារសង្គម ពីអភិក្រមសសរស្តម្ភទាំង ២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ទៅជាអភិក្រមហានិភ័យនៃវដ្តជីវិត ដោយបានរំលេចនូវហានិភ័យចំនួន ៧ រួមមាន៖ មាតុភាព និងកុមារភាព, សុខភាព, ការងារ, ភាពគ្មានជម្រក, និកម្មភាព, ពិការភាព, និង ជរាភាពនិងឧត្តរជីវី។
“ក្របខណ្ឌគោលនយោបាយជាតិ” ថ្មីនេះ ក៏នឹងបន្តពង្រឹងអភិបាលកិច្ចប្រព័ន្ធគាំពារសង្គម ដែលមាន ៣ កម្រិត គឺកម្រិតគោលនយោបាយ, កម្រិតនិយ័តករ, និងកម្រិតប្រតិបត្តិករ ដើម្បីធានាឱ្យបាននូវប្រតិតុល្យការ តម្លាភាព និងគណនេយ្យភាពនៃប្រព័ន្ធគាំពារសង្គមទាំងមូល ទន្ទឹមនឹងការបន្តគិតគូរ ពីកិច្ចការឆ្លងវិស័យ ដែលជាកត្តាជំរុញឱ្យការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបោះជំហានទៅមុខកាន់តែរលូន។ កិច្ចការឆ្លងវិស័យទាំងនេះ រួមមាន៖ យន្តការដោះស្រាយវិវាទ និងការទទួលមតិត្រឡប់, ការកំណត់ អត្តសញ្ញាណអត្ថគាហក, ប្រព័ន្ធគាំពារសង្គមឌីជីថល, ការបញ្ជ្រាបការយល់ដឹង, ទំនាក់ទំនង និង ការផ្សព្វផ្សាយ, គោលនយោបាយគាំទ្រ, និងយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍។
តាមរយៈការពិនិត្យ និងពិភាក្សា, អង្គប្រជុំ ក៏បានសម្រេចផ្ដល់ការយល់ព្រមលើសេចក្តីព្រាង “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” ដែលត្រូវបានរៀបចំជា ៧ ផ្នែក សំខាន់ៗ គឺ៖
១. ទិដ្ឋភាពទូទៅ,
២. អភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា,
៣. អន្តរាគមន៍គាំពារសង្គម,
៤. កិច្ចការឆ្លងវិស័យ,
៥. អភិបាលកិច្ចប្រព័ន្ធគាំពារសង្គម,
៦. យន្តការអនុវត្ត និងយន្តការតាមដាន និងវាយតម្លៃ, និង
៧. សេចក្តីសន្និដ្ឋាន
ជាចុងក្រោយ, អង្គប្រជុំ ក៏បានសម្រេចលើសេចក្តីព្រាងចុងក្រោយនៃ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” នេះ និងគោរពស្នើសុំដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីស្នើសុំពិនិត្យ និងអនុម័ត ក្នុងពេលដ៏ឆាប់ខាងមុខ។
















