នាព្រឹកថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិលើកទី ៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងតំណាងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យអំពី “វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣” ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ លើកទី ៣ កាលពី ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២៣ និងមានរយៈពេលអនុវត្តចំនួន ១២ ខែ កន្លងមក ។
“ប្រព័ន្ធបញ្ជរតែមួយជាតិ” គឺពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ព្រមទាំង ទំនិញដែលទទួលបានការលើកលែងពន្ធនិងអាករស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន ។ “គម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣” បានពង្រីកវិសាលភាពទៅក្រសួង-ស្ថាប័នចំនួន ១១ បន្ថែមទៀត ។ ទន្ទឹមនេះ “ប្រព័ន្ធបញ្ជរតែមួយជាតិ” ក៍បានបន្ថែមមុខងារថ្មីចំនួន ៤ រួមមាន មុខងារគ្រប់គ្រងហានិភ័យ មុខងារនិហិតដ្ឋានឯកសារពាណិជ្ជកម្ម, មុខងារប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត និងមុខងារគ្រប់គ្រងគណនីប្រើប្រាស់តែមួយ ។
អង្គប្រជុំ បានវាយតម្លៃខ្ពស់ និងកត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលក្រសួង-ស្ថាប័ន ចំនួន ៦ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងរ៉ែនិងថាមពល, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ធនាគារជាតិនៃកម្ពុជា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមអនុវត្តសាកល្បងប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ចាប់ពីថ្ងៃទី ២៥ ខែ ធ្នូ ២០២៣ កន្លងមក និងក្រសួង-ស្ថាប័នមួយចំនួន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ដើម្បីចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាពេលដ៍ខ្លីខាងមុខ ។
ផ្អែកតាមវឌ្ឍនភាពសម្រេចបានខាងលើ និងតាមរយៈការពិភាក្សារបស់អង្គប្រជុំ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រសួង-ស្ថាប័ន ដែលចូលរួមអនុវត្ត “ប្រព័ន្ធបញ្ជរតែមួយជាតិ” បានពេញលេញ និងស្នើដល់ក្រសួង-ស្ថាប័នដែលចូលរួមពុំទាន់ពេញលេញ ឬពុំទាន់បានចូលរួមអនុវត្ត ឱ្យខិតខំនិងផ្តល់កិច្ចសហការប្រកបដោយស្មារតីបុរេសកម្ម អនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី ៣ ឱ្យបានជោគជ័យ ស្របតាមពេលវេលាដែលបានកំណត់។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក៍បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមផ្តល់មតិយោបល់ និងជាពិសេស ការបង្ហាញនូវការប្តេជ្ញា និងឆន្ទៈខ្ពស់ក្នុងការអនុវត្ត “ប្រព័ន្ធបញ្ជរតែមួយជាតិ” ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនៃសេវាសាធារណៈ និងកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជា លើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ។