នារសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោកជំទាវ Jutta Urpilainen ស្នងការអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និង ប្រកាសដាក់ឱ្យអនុវត្តកម្មវិធី ចំនួន ៤ ដែលផ្តោតលើការលើកកម្ពស់ខ្សែច្រវាក់តម្លៃប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ដោយមានការ ចូលរួមពីតំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាល, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក, បារាំង, អាល្លឺម៉ង់ និងស៊ុយអែត និង ភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដែលមានទំហំសរុបចំនួន ៧៩ លានអឺរ៉ូ សម្រាប់គាំទ្រកម្មវិធីទាំង ៤រួមមាន៖
១).កម្មវិធីភាពជាដៃគូដើម្បីនិរន្តរភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា (Cambodia Partnership for Sustainable Agriculture and Food Systems – EU CAPSAFE) មានថវិកាសរុបពីសហភាពអឺរ៉ុប ចំនួន ១៧ លានអឺរ៉ូ ឬប្រមាណ ១៨,៤ លានអឺរ៉ូ និងសហហិរញ្ញប្បទានពីប្រទេសអាល្លឺម៉ង់ ចំនួន ៧,៣ លានអឺរ៉ូ ឬ ប្រមាណ ៧,៨ លានដុល្លារអាម៉េរិក ។
២).កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភាពក្នុងឧស្សាហកម្ម (EU Partnership for Sustainable Energy Practices in Industry) មានថវិកាសរុប ចំនួន ៦ លានអឺរ៉ូ ឬប្រមាណ ៦,៥ លានដុល្លារអាម៉េរិក ។
៣). កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេស ២០២៤-២០២៧ (Transforming Technical Education EU-Cambodia Partnership 2024–2027) មានថវិកាសរុប ចំនួន ៤៩ លានអឺរ៉ូ ឬ ប្រមាណ ៥៣,១ លានដុល្លារអាម៉េរិក ។
៤.កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (European Union Global Access and Trade Expertise) មានថវិកាសរុបពីសហភាពអឺរ៉ុប ចំនួន ៧ លានអឺរ៉ូ ឬ ប្រមាណ ៧, ៦ លានអឺរ៉ូ និង សហហិរញ្ញប្បទានពីប្រទេសអាល្លឺម៉ង់ ចំនួន ៣ លានអឺរ៉ូ ឬប្រមាណ ៣,៣ លានដុល្លារអាម៉េរិក ។
លោកជំទាវ Jutta Urpilainen ស្នងការអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានថ្លែងថា ដំណើរទស្សនកិច្ច របស់លោកជំទាវ នាពេលនេះ គឺជាឱកាសសម្រាប់សហភាពអឺរ៉ុប និងកម្ពុជា កត់ត្រាទុកនូវកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាង ភាគីទាំង២ សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈការចុះហត្ថលេខា និងការប្រកាសឱ្យអនុវត្តកម្មវិធីថ្មី ចំនួន ៤ ក្នុងវិស័យសំខាន់ៗ ដែលនឹងចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងការបង្កើតការងារបន្ថែមនៅកម្ពុជា ។ សហភាពអឺរ៉ុបបានប្ដេជ្ញាចិត្តខ្ពស់ ចំពោះភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរបៃតង និងឌីជីថល និងរួមដំណើរជាមួយកម្ពុជា ក្នុងការចាកចេញ ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ ។ ក្នុងន័យនេះ, យុទ្ធសាស្ត្រ Global Gateway នឹងក្លាយ ជាឧបករណ៍ដ៏សំខាន់របស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកម្ពុជាឆ្ពោះទៅដំណាក់កាលថ្មីដ៏សំខាន់នេះ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងលោកជំទាវ Jutta Urpilainen ដែលតែងតែផ្ដល់ការគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ក្រោមយុទ្ធសាស្ត Global Gateway របស់សហភាពអឺរ៉ុប, ការចុះហត្ថលេខា និងការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីថ្មីទាំង ៤ នាពេលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ ក្នុងទិសដៅនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានអះអាងជាថ្មីម្ដងទៀត នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញ និងការពង្រឹងភាពជាដៃគូ ស្អិតល្មួតជាមួយសហភាពអឺរ៉ុប ក្នុងពហុវិស័យអាទិភាពនានា ទៅអនាគត ។