នាព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបឯកឧត្តម ដូណាល់ ប្រោន អនុប្រធានរងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development – IFAD) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IFAD ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ដូណាល់ ប្រោន និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ IFAD ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម ចាប់ពីឆ្នាំ ១៩៩៣ រហូតមក, ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ។ ឆ្លៀតក្នុងឱកាស នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើការកត់សម្គាល់អំពីការកើនឡើងខ្លាំងនៃទំហំហិរញ្ញប្បទានសហប្រតិបត្តិការ ដែលកាលពីឆ្នាំ ២០១៣-២០១៨ មានត្រឹមប្រមាណ ៩៧ លានដុល្លារអាម៉េរិក និងបានកើន រហូតដល់ប្រមាណ ៥៩៣ លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២២-២០២៧ ។ ការណ៍នេះបង្ហាញនូវទំនាក់ទំនងដ៏ល្អ និងរឹងមាំ ព្រមទាំងមានលក្ខណៈជាយុទ្ធសាស្រ្ត រវាងព្រះរាជាណាចក្រកម្ពុជា និង IFAD ។
ជាការឆ្លើយតប, ឯកឧត្តម ដូណាល់ ប្រោន បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងរហ័សលើគ្រប់វិស័យ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ឡើងវិញ អំពីជំហរច្បាស់លាស់របស់ IFAD ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តគាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នានេះ, ឯកឧត្តម ដូណាល់ ប្រោន ក៏បានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងផ្តល់កិច្ចសហការជិតស្និទ្ធ ក្នុងការសម្រប- សម្រួលការដឹកនាំការគ្រប់គ្រងគម្រោងនានា ក្រោមហិរញ្ញប្បទានពី IFAD នៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យជាច្រើន នាពេលកន្លងមក ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ IFAD ចំពោះជំហរបន្តគាំទ្រ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល, ជាពិសេស ក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងនៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរ ឯកឧត្តម ដូណាល់ ប្រោន ព្រមទាំងសហការី ទទួលបានជោគជ័យក្នុងដំណើរមកទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា ។