កាលពីថ្ងៃទី ៧-៨ ខែមេសា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី ២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៨ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើជាសហប្រធាន និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ាន, អគ្គលេខាធិការអាស៊ាន, ប្រធាន និងតំណាងជាន់ខ្ពស់របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារពិភពលោក (WB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) ព្រមទំាងក្រុមប្រឹក្សាធុរកិច្ច ។ កិច្ចប្រជុំបានពិនិត្យ និងផ្លាស់ប្តូរយោបល់លើស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ និងពិភពលោក ដោយផ្តោតលើហានិភ័យ, បញ្ហាប្រឈម, កាលានុវត្តភាព និងជម្រើសវិធានការគោលនយោបាយនានាដើម្បីឆ្លើយតបលើវឌ្ឍនភាព និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន, សំដៅធានាឱ្យបាននូវការធ្វើសមាហរណកម្មហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ និងបន្តកសាងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់ ។