នាព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ដោយមានការអញ្ជើញចូល រួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចរចារបស់ កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជុំទី ១ ដែលបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ២០២០ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កន្លងទៅថ្មីៗនេះ ក៏ដូចជាផ្តល់គោលការណ៍ណែនាំសម្រាប់ការចរចានៅជុំបន្តបន្ទាប់ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាង ប្រទេសទាំងពីរ ។