នាព្រឹកថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិភាក្សាអំពីរបាយការណ៍ត្រួតពិនិត្យវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធ Video Conference ដោយផ្តោតលើការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ប្រចាំឆមាសទី១ ឆ្នាំ២០២១។