នារសៀលថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ផាន់ ផល្លា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព ក្នុងការវិនិយោគ និងបរិយាកាសធុរកិច្ចនៅកម្ពុជា ។
តំណាង US-ABC បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកធុរកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ រវាងសហរដ្ឋអាម៉េរិក-កម្ពុជា និងបានកោតសរសើរខ្ពស់ចំពោះសមិទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចយ៉ាង ឆាប់រហ័ស ប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពធន់ ។ ក្នុងន័យនេះ, តំណាង US-ABC ដែលមានទាំងក្រុមហ៊ុនដែលកំពុងមានវត្តមាននៅកម្ពុជា ទាំងក្រុមហ៊ុនដែលមានបំណងចាប់ផ្ដើមសកម្មភាពនៅកម្ពុជា បានបង្ហាញអំពីគោលបំណងក្នុងការស្វែងរកកាលានុវត្តភាពក្នុងការចាប់ផ្តើម និងការពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចាប់យកសក្តានុពលរបស់កម្ពុជា ក៏ដូចជាការចូលរួមក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ។
ជារួម, តំណាង US-ABC បានស្នើសុំឱ្យមានការពន្យល់អំពីទិដ្ឋភាពធុរកិច្ច និងសក្តានុពលវិនិយោគ ក៏ដូចជាស្នើសុំឱ្យមានការដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលក្រុមហ៊ុនសហរដ្ឋអាម៉េរិកនៅកម្ពុជាបាននិងកំពុងជួបប្រទះ ។ ជាការឆ្លើយតប, ឯកឧត្ដមបណ្ឌិត ផាន់ ផល្លា ព្រមទាំងតំណាងស្ថាប័នក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានពន្យល់អំពីទិសដៅរបស់រាជរដ្ឋាភិបាល និងបានបំភ្លឺអំពីបញ្ហាប្រឈមនីមួយៗ ដែលក្រុមហ៊ុនលើកឡើង ។
ជាកិច្ចបញ្ចប់, តំណាង US-ABC បានសម្តែងនូវការថ្លែងអំណរគុណ និងការស្វាគមន៍ចំពោះ ការបើកកិច្ចពិភាក្សាដោយបើកចំហជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជន ។ តំណាង US-ABC ក៏បានសម្តែងនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះកម្ពុជា ដោយបន្តចូលរួមកិច្ចពិភាក្សាជាបន្តបន្ទាប់ ដើម្បីផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាល ។ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះការបន្តកិច្ចសន្ទនារវាងធុរជន និង ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ និងស្នើសុំឱ្យតំណាងស្ថាប័នក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចពិភាក្សា ដើម្បីស្វែងយល់លម្អិត និងជួយជំរុញការដោះស្រាយបញ្ហាប្រឈម ដែលក្រុមហ៊ុនសហរដ្ឋអាម៉េរិក ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង ។