ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ស្តីពីការធ្វើអាទិភាវូបនីយកម្មក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ
ថ្ងៃទី៥ ខែ​កញ្ញា ២០១៩

ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩ កន្លងមក, នាព្រឹកថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ) ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាបន្ទាន់, ដើម្បីពិនិត្យ និងពិភាក្សាអំពី “ការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និង សាងសង់ផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុ” ។ កិច្ចប្រជុំរៀបចំនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងព្រះសីហនុ, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។

ព័ត៌មានពាក់ព័ន្ធ