នាព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” មកពីខាងផ្នែកឯកជន បានសហការដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ ក៏ដូចជា ដើម្បីដាក់ចេញវិធានការដោះស្រាយសមស្របជូនវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែ និងថាមពល និងមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត សមាជិក សមាជិកានៃក្រុមកាងារ ទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន តំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដោយចូលរួមកិច្ចប្រជុំផ្ទាល់ ក៏ដូចជាកិច្ចប្រជុំពីចំងាយ (ZOOM) ។ កិច្ចប្រជុំ បានពិភាក្សាលើរបៀបវារៈចំនួន ៣៖ ទី១. ការស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, ទី២. ពន្ធលើការនាំចេញនៃការប្រមូលរ៉ែទង់ដែង, និង ទី៣. អត្រាការប្រាក់ចំពោះការកំណត់ពន្ធឡើងវិញ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់ក្រុមការងារ ទាំងខាង រាជរដ្ឋាភិបាល ពិសេស អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជា ខាងវិស័យឯកជន ដែលកន្លងមក បានធ្វើកិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ និង ក្តីកង្វល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ហើយបានអនុញ្ញាតឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន និង រាជរដ្ឋាភិបាល លើរបៀបវារៈទាំង ៣ ខាងលើ ។
ឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជន ចំពោះការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា កន្លងមក រាជរដ្ឋាភិបាលបាន ដាក់ចេញនូវគោលនយោបាយលើកស្ទួយសេដ្ឋកិច្ចជាកញ្ចប់ ដូចជា វិធានការសារពើពន្ធ, ការគាំពារសង្គម ដើម្បីរក្សាលំនឹងជីវភាពប្រជាជន, ការបណ្ដុះបណ្ដាលជំនាញ, ការគ្រប់គ្រងបំណុលឯកជន និង ការកែទម្រង់រចនាសម្ព័ន្ធ ជាដើម ។ ជាមួយនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យលើសំណូមពររបស់ វិស័យឯកជនបន្ថែមទៀតចំពោះវិធានការ ឬ កិច្ចអន្តរាគមន៍នានា ដើម្បីលើកស្ទួយសេដ្ឋកិច្ច រួមជាមួយនឹង ការធានាប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាន និងត្រូវរក្សាឧត្តមានុវត្តន៍ល្អក្នុងការគ្រប់គ្រងបំណុលសាធារណៈនៅកម្ពុជា ។ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រុមការងារនៃវិស័យឯកជន ត្រូវបន្តសហការពិភាក្សា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ប្រកបដោយស្មារតីឈ្នះ-ឈ្នះ ។
ចំពោះបញ្ហាពន្ធនាំចេញលើការប្រមូលរ៉ែទង់ដែង, បន្ទាប់ពីកិច្ចពិភាក្សា, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យមានការសិក្សាឱ្យបានស៊ីជម្រៅ ទាំងក្នុងកម្រិតគោលនយោបាយ ផែនការ និងទាំងបច្ចេកទេស លើគ្រប់ទិដ្ឋភាពពាក់ព័ន្ធនឹងការប្រមូលរ៉ែទង់ដែង មុននឹងដាក់ចេញនូវវិធានការជាក់លាក់ និងច្បាស់លាស់ សម្រាប់អនុវត្ត ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសហសេវិក ទាំងផ្នែករាជរដ្ឋាភិបាល ទាំងផ្នែកដៃគូវិស័យឯកជនដែលបានចូលរួមកិច្ចប្រជុំ ។













