នាព្រឹកថៃ្ងព្រហស្បតិ៍ ១៥ កើត ខែ ផល្គុន ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨, ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបើកនៃកិច្ចប្រជុំ “ត្រួតពិនិត្យប្រចាំឆ្នាំ ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ, តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ៥០០ នាក់ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងបរិការណ៍ ដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រែប្រួលប្រជាចាំ, ទស្សនវិជ្ជា «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ក្នុងស្មារតី «ធ្វើបណ្ដើរ, រៀនបណ្ដើរ, និង កែលម្អបណ្ដើរ» នៅតែត្រឹមត្រូវ ដែលត្រូវបន្តអនុវត្តជាប្រចាំ ។ ស្របតាមស្មារតីនេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, បន្តចាត់ទុកការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអាទិភាពខ្ពស់ ព្រមទាំងបាននិងកំពុងខិតខំបន្តធ្វើបរិវត្តកម្មប្រព័ន្ធថវិកាបន្ថែមទៀត ឆ្ពោះទៅអនុវត្ត «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម » ឲ្យបានពេញលេញ និងសាបព្រោះ «វប្បធម៌សមិទ្ធកម្ម» នៅក្នុងក្របខ័ណ្ឌអភិបាលកិច្ច នៃរាជរដ្ឋាភិបាលទាំងមូល សំដៅកែប្រែវប្បធម៌ការងារសាធារណៈ ជាបណ្តើរៗ ដោយផ្តោតលើសមិទ្ធផលជាចម្បង ពោលគឺ ប្រព័ន្ធនេះ តម្រូវឲ្យស្ថាប័នសាធារណៈ បំពេញការងារ ដើម្បីសម្រេចបានសមិទ្ធផល ស្របតាមគោលបំណងគោលនយោបាយ និងបេសកកម្ម ដែលរាជរដ្ឋាភិបាលបំពាក់ជូន ។ ក្នុងន័យនេះ, វប្បធម៌សមិទ្ធកម្ម ក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ នឹងក្លាយជា ឧបករណ៍ដ៏ចាំបាច់ ក្នុងការសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០» ហើយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់, ម្ខាង, សម្រាប់បរិការណ៍សកលខាងក្រៅ ដែលប្រែប្រួលជាប្រចាំ; និង ម្ខាងទៀត, សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់ ដើម្បីឈានទៅ សម្រេចបាន នូវមហិច្ឆតាផ្ទាល់របស់កម្ពុជា ។
ទន្ទឹមនឹងនេះ តំណាងដៃគូអភិវឌ្ឍ ក៏បានអបអរសាទរចំពោះសមិទ្ធផល របស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្តេជ្ញាបន្តផ្ដល់ការគាំទ្រប្រកបដោយស្មារតីសហប្រតិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ ដើម្បីសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់អំពីវឌ្ឍនភាព គន្លឹះមួយចំនួន និងបានវាយតម្លៃជារួមថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ, មានភាពជាក់ស្ដែងនិយម និង អាចសម្រេចបាន ស្របតាមស្ដង់ដាអន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និង ភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់ និងសកលលោក ។ បន្ថែមពីនេះ ដោយការងារកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឈានដល់ដំណាក់កាលដែលត្រូវអនុវត្ត “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ក្នុងឆ្នាំខាងមុខ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ លើទិសដៅការងារសំខាន់ៗមួយចំនួន រួមមាន៖ ១) ការបំពេញលក្ខខណ្ឌអប្បបរមា ដែលជាមូលដ្ឋានសម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម; ២) ការពង្រឹងយន្តការគៀរករចំណូល ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងការគ្រប់គ្រងបំណុលសាធារណៈ ឱ្យមានចីរភាព; ៣) ការបន្តបង្កើនចំនួនអង្គភាពថវិកាសមស្រប និង ការបន្តធ្វើស្វ័យប្រវត្តិកម្ម នៃ FMIS; ៤) ការបន្តកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ; ៥) ការពង្រឹងនូវការគ្រប់គ្រងការវិនិយោគសាធារណៈ; ៦) ការបន្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ; ៧) ការពង្រឹង និង ការកែលម្អការគ្រប់គ្រង និង អភិបាលកិច្ចសាជីវកម្មនៃសហគ្រាសសាធារណៈ; ៨) ការបន្តលើកកម្ពស់ភាពប្រទាក់ក្រឡា ក្នុងចំណោមការដ្ឋានកែទម្រង់គន្លឹះៗ របស់រាជរដ្ឋាភិបាល; ៩) ការបន្តលើកស្ទួយតម្លាភាព; ១០) ការពិនិត្យលទ្ធភាព ក្នុងការបញ្ជ្រាបការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបៃតង ក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ; និង ១១) ការបន្តជំរុញការអនុវត្ត និង ការដាក់ចេញ នូវវិធានការកែតម្រូវចំពោះការងារអាទិភាព ដែលមានវឌ្ឍនភាពយឺត ដូចត្រូវបានកំណត់ក្នុងផែនការសកម្មភាពរួមដំណាក់កាលទី៤ និង ផែនការសកម្មភាពលម្អិតរបស់អង្គភាព និងស្ថាប័នសាមី។
មុននឹងបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងផ្តល់មូលវិចារដ៏ថ្លៃថ្លាចំពោះសហការី នៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី- ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដែលបានខិតខំជំរុញអនុវត្តសកម្មភាព ទាំងឡាយនៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតសម្រេចបានលទ្ធផលល្អ គួរឲ្យកត់សម្គាល់។ បន្ថែមពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏ បានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ, យូនីសេហ្វ, រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ, រដ្ឋាភិបាលអូស្ត្រាលី, និងស្ថាប័នអន្តរជាតិផ្សេងទៀត ដែលបាននិងកំពុងបន្តផ្តល់ជំនួយ, ទាំងហិរញ្ញវត្ថុ និង បច្ចេកទេស, ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ៣ ដំណាក់កាលកន្លងទៅ និង ក្នុងដំណាក់កាលទី ៤ នេះ ៕











