នាព្រឹកថ្ងៃអង្គារ ទី ៦ ខែ សីហា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល ជួបសម្ដែងការគួរសម ក្នុងកិច្ចពិភាក្សាការងារជាមួយ លោក Vomic Nur Shah, ប្រធាន (Head of Origination) នៃស្ថាប័នហិរញ្ញប្បទាននាំចេញចក្រភពអង់គ្លេស (UK Export Finance – UKEF) អំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌហិរញ្ញប្បទាននាំចេញ (Export Finance) តាមរយៈទីភ្នាក់ងារ ហិរញ្ញប្បទាននាំចេញ (Export Credit Agency-ECA) ចក្រភពអង់គ្លេស ដើម្បីធ្វើហិរញ្ញប្បទានលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ក្នុងអំឡុងពេលដែលលោកប្រធានអញ្ជើញមកបំពេញបេសកកម្មនៅ ព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៤ ។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក Vomic Nur Shah និងគណៈប្រតិភូ នៃស្ថាប័ន UKEF ដែលបំពេញបេសកកម្មនៅកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តការដ៍ល្អ ក្នុងភាពជាដៃគូររវាងរដ្ឋាភិបាលចក្រភពអង់គ្លេសនាពេលកន្លងមក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជានាពេលបច្ចុប្បន្ន ដែលបាននិងកំពុងរួមចំណែកដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៍បានបង្ហាញស្ថានភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា, ការបន្តស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចស្របតាមការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច, ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ព្រមទាំង យុទ្ធសាស្ត្រនិងវិធានការក្នុងការកំណែទម្រង់ថ្មីជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាកម្មសាធារណៈ ខណៈពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលកិច្ចការទាំងនេះសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ ស្របតាម “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” ផងដែរ ។
លោក Vomic Nur Shah បានសម្តែងនូវការអរគុណ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលគាំ ទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រទេសកម្ពុជា ។ លើមាគ៌ានេះ, រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានកំណត់ ប្រទេសកម្ពុជាជាប្រទេសមួយ នៃចំណោមប្រទេសអាទិភាពក្រោមក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភព អង់គ្លេស(British Investment Partnership) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍអន្តរជាតិរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា ជាពិសេស ដើម្បីលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ UKEF បាននិងកំពុងពិនិត្យលើកាលានុវត្តភាពផ្តល់ហិរញ្ញប្បទាននាំចេញដល់ប្រទេសកម្ពុជា, ដែលនឹងក្លាយជាចំណុចទាក់ទាញបន្ថែមដល់ការ វិនិយោគរបស់វិស័យឯកជន ជាពិសេស វិនិយោគិនពីចក្រភពអង់គ្លេស ។
ស្របជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលទាំងពីរ ក៏បាននិងកំពុងសហការយ៉ាងជិតស្និតទៅលើការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលជាគម្រោងវិនិយោគសាធារណៈមួយ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយសំដៅកៀរគរការវិនិយោគពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍគម្រោងនេះផងដែរ ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់លោក Vomic Nur Shah និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ។









