នាព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរជូនចំពោះឯកឧត្តម វ៉ាង វិនពីន ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងខួបអនុស្សាវរីយ៍លើកទី ៦៦ នៃទំនាក់ទំនងការទូតជាផ្លូវការ រវាងកម្ពុជា-ចិន។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ និងជាមិត្តដែកថែប ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែរីកធំធាត់ឡើង ពោលគឺពីកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ មកជាសហគមន៍វាសនារួមកម្ពុជា-ចិន និងបច្ចុប្បន្នបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន ក៏បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ដែលមានឱកាសមកបំពេញតួនាទីដ៏ធំធេង ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អ ដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យសម្រេចសមិទ្ធិផលជាផ្លែផ្កាកាន់តែច្រើនបន្ថែមទៀត ។
ឆ្នាំ ២០២៤ នេះ ជាឆ្នាំពិសេសមួយ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំណត់យកជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រទេសទាំងពីរបានធ្វើសកម្មភាពជាច្រើនរួមគ្នាកន្លងមក ។ មិត្តចិន តែងតែបានផ្តល់អាទិភាពខ្ពស់ យកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រួមមាន ស្ពាន ផ្លូវ, ប្រព័ន្ធធារាសាស្ត្រ, អគ្គិសនី និងវិស័យសំខាន់ៗផ្សេងទៀត ។ ជាក់ស្តែង, ការផ្ដល់ជំនួយឧបត្ថម្ភរបស់មិត្តចិន និងការផ្តល់វ៉ាក់សាំងក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ បានដើរតួជាបង្អែកយុទ្ធសាស្ត្ររបស់កម្ពុជា ដែលអនុញ្ញាតឱ្យកម្ពុជាបង្កើតបាននូវភាពស៊ាំសហគមន៍រឹងមាំ និងបើកប្រទេស ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ និងមុនគេនៅក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់ ។ ជំនួយរបស់មិត្តចិន គឺឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់កម្ពុជា និង ទាន់ពេលវេលា ដូចដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងលើកឡើង គឺ មិនត្រឹមតែរួមចំណែកខ្ពស់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការការពារឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជាផងដែរ ។
ដោយប្រទេសទាំងពីរ កម្ពុជា-ចិន មានចក្ខុវិស័យស្រដៀងគ្នា និងរួមគ្នាកសាងសហគន៍វាសនារួម ដែលជាគំរូដ៏ល្អមួយសម្រាប់ប្រទេសក្នុងតំបន់ និងនៅលើសកលលោក, ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនផ្សេងទៀត ដូចជា ការជួយសម្របសម្រួលរបស់ភាគីមិត្តចិន ដើម្បីកម្ពុជាអាចទទួលបាននូវហិរញ្ញប្បទានសហប្រតិបត្តិការជាបន្តបន្ទាប់ទៀត សម្រាប់បន្តរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា ការជំរុញវិនិយោគពីវិស័យឯកជន, ការជំរុញកំណើនពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ ក៏ដូចជា ការទាក់ទាញទេសចរណ៍ចិន មកទស្សនកិច្ចនៅកម្ពុជាឱ្យកាន់តែមានចំនួនច្រើនឡើងវិញដូចកាលពីមុនការរាតត្បាតនៃជំងឺកូវីដ ១៩ ជាដើម ។ ជាមួយនឹងការសង្ឃឹមខ្ពស់ថានឹងមានភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន, ភាគីទាំងពីរបានសន្យា នឹងបន្តសហការជិតស្និទ្ធជាមួយជាមួយគ្នា ដើម្បីសម្រេចបានសមិទ្ធិផលជាផ្លែផ្កាច្រើនទៀតដើម្បីប្រជាជន និងប្រទេសទាំងពីរ ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង សហការីរបស់ឯកឧត្តម មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ។