ព័ត៌មាន

ជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ថ្ងៃទី១២ ខែ​មិថុនា ២០២៤


កាលពីរសៀលថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ និងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធស្ថានតំណាងថ្មីរបស់ ADB ប្រចាំកម្ពុជា ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ត ចំពោះឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា និងសហការី ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា និងសាទរជាថ្មីម្ដងទៀតចំពោះការសម្ពោធស្ថានតំណាងថ្មីរបស់ ADB ប្រចាំកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការគាំទ្រកម្ពុជាក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ១៩៩២ មក ។

ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានថ្លែងកោតសរសើរ ចំពោះការដឹកនាំប្រកបដោយសុច្ឆន្នៈ និង ការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងការគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា ហើយឯកឧត្តមក៏បានគូសបញ្ជាក់ឡើងវិញនូវជំហររឹងមាំរបស់ ADB ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើររបស់ កម្ពុជាឆ្ពោះទៅរកវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តម ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ADB ក្នុងការរៀបចំ “យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ (CPS 2024–2028)” ក្រោមសសរស្តម្ភចំនួន ៣ គឺ៖ ១) ការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលនាំមុខដោយវិស័យឯកជន, ២) ការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស, និង ៣) ការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ADB ដែលបាន និងកំពុងសកម្មគាំទ្រកម្ពុជាឈានសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ស្របតាម ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ តាមរយៈការរៀបចំ “យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨” ប្រកបដោយប្រសិទ្ធភាព និងភាពឆ្លើយតប នឹងយុទ្ធសាស្ត្រជាអាទិភាពរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុង “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១” ព្រមទាំងបានសន្យាបន្តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទំហំប្រមាណ ១,២៦ ប៊ីលានដុល្លារអាមេរិក ក្រោមក្របខណ្ឌ “យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨” នេះ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ចាក់ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ, ឆ្លាតវៃ និងម៉ឹងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១” ដោយផ្តោតលើអាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យាឌីជីថល និងមានគោលដៅយុទ្ធសាស្ត្រចំនួន ៥ គឺ៖ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧% ប្រចាំឆ្នាំ, ការបង្កើនការងារ (ទាំងបរិមាណ និងគុណភាព), ការកាត់បន្ថយភាពក្រីក្រ, ការពង្រឹងប្រសិទ្ធភាពការងារ និងចីរភាពនៃការអភិវឌ្ឍសង្គមជាតិ និងការកសាងភាពធន់ ។

ជាមួយគ្នានេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងគាំទ្រទាំងស្រុងលើ គោលដៅប្រកបដោយមហិច្ឆតារបស់ ADB ក្នុងការប្រែក្លាយខ្លួនជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតនៅកម្ពុជា ក្នុងការផ្តល់ឥណទានដល់វិស័យឯកជនសម្រាប់ពង្រីកធុរកិច្ច និងប្រតិបត្តិការនៅកម្ពុជា ដែលត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនជំរុញកំណើន ។

ជាកិច្ចបញ្ចប់ និងជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ ADB សម្រាប់ការរួមចំណែកក្នុងការគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលនេះជារបៀបវារៈមួយនៃ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញល្បឿននៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន និងបានគូសរំលេចអំពីគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ព្រមទាំងស្នើឱ្យ ADB បន្តការគាំទ្រលើកិច្ចអភិវឌ្ឍន៍កម្ពុជាឱ្យសម្រេចបាននូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០” តាមរយៈការផ្ដល់ហិរញ្ញប្បទានឥតសំណង និងឥណទានដែលមានកម្រិតសម្បទានខ្ពស់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ព្រមទាំងសហការីឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា។

ព័ត៌មានពាក់ព័ន្ធ