ព័ត៌មាន

ការជួបសម្ដែងការគួរសម និងការចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Marie-Helene LOISON អគ្គនាយករងប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)
ថ្ងៃទី២១ ខែ​ឧសភា ២០២៤


នៅព្រឹក ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ នៅទីស្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Marie – Héléne LOISON, អគ្គនាយករងប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អមដោយលោក Fabrice ETIENNE, Chargé d Affaires នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានលោកជំទាវ Marie – Héléne LOISON និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង ប្រជាជនបារាំង, តាមរយៈ AFD, ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់ការស្តារ និងការអភិវឌ្ឍ នៅកម្ពុជា ចាប់ពីដំណាក់កាលនៃការស្វែងរកសន្តិភាព រហូតដល់ដំណាក់កាលអភិវឌ្ឍន៍បច្ចុប្បន្ន ។ ជាក់ស្ដែង, គិតចាប់ពីឆ្នាំ ១៩៩៣ មកដល់បច្ចុប្បនេះ, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួនប្រមាណ ១ ១៥០ លានអឺរ៉ូ, ក្នុងនោះ រួមមានហិរញ្ញប្បទានឥតសំណង ចំនួន ២១៧ លានអឺរ៉ូ និងឥណទានសម្បទានសម្រាប់រយៈពេល ១១ ឆ្នាំ, ប្រមាណជិត ៨០០ លានអឺរ៉ូ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈ និង យុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ដែលផ្តល់អាទិភាពគន្លឹះដល់៖ មនុស្ស (ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស និងជំនាញទេសចរណ៍), ផ្លូវ (ការអភិវឌ្ឍប្រព័ន្ធផ្លូវនៅតាមបណ្តាខេត្ត), ទឹក (ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងរោងចក្រផលិតទឹកស្អាត), ភ្លើង (ការអភិវឌ្ឍបណ្តាញខ្សែបញ្ជូនអគ្គិសនី), និង បច្ចេកវិទ្យាឌីជីថល

លោកជំទាវ Marie – Héléne LOISON បានថ្លែងអំណរគុណ និងសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មានតម្លៃ និងមមាញឹក ទទួលជួបក្រុមការងារដើម្បីពិភាក្សាការងារនៅថ្ងៃនេះ ។ លោកជំទាវ ក៏បានលើកឡើងអំពីកិច្ចសហ- ប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី កម្ពុជា-បារាំង ដែលមានការរីកចម្រើនជាលំដាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អ ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់គោលនយោបាយលើកទី ៧ ដោយជោគជ័យ និង ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ ។ ទន្ទឹមនេះ, លោកជំទាវ ក៏បានគូសបញ្ជាក់ថា បារាំងនឹងនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ដោយនៅតែរក្សាទំហំឥណទានសម្បទាន ចំនួន ២០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ព្រមទាំងនឹងបន្តជួយ កៀរគរជំនួយបច្ចេកទេសពី Expertise France, ហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប, និង សហហិរញ្ញប្បទានពីប្រភពផ្សេងទៀត សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ AFD ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច, បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ផងដែរថា លទ្ធផល និងកិច្ចពិភាក្សា ដ៏ស៊ីជម្រៅ នាឱកាសកិច្ចពិគ្រោះយោបល់គោលនយោបាយលើកទី ៧ បានស្ដែងឱ្យឃើញអំពីសារៈប្រយោជន៍នៃយន្តការទ្វេភាគីដ៏សំខាន់ក្នុងការពង្រឹង និងការពង្រីកលើកិច្ចសហប្រតិបត្តិការនានា, ជាពិសេស ទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍ ។ កិច្ចពិគ្រោះយោបល់នេះ បានផ្ដល់ឱកាសដល់ភាគីទាំងពីរ ធ្វើការត្រួតពិនិត្យរួមគ្នា និងឯកភាពលើទិសដៅគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក្នុងវិស័យអាទិភាព ក៏ដូចជា បញ្ជីគម្រោងសម្រាប់បណ្តាឆ្នាំខាងមុខ ដោយកំណត់យកអាទិភាព ៥ រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា ក្នុងគោលដៅចម្បងដើម្បីរក្សាចលនការនៃសុខសន្តិភាព, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ព្រមទាំងដើម្បីកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង ៥ រួមមាន៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ, វិស័យធនធានមនុស្ស និងសង្គម, វិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។

ឆ្លៀតក្នុងឱកាសនេះដែរ, ភាគីទាំង ២ ក៏បានចុះហត្ថលេខាលើ (១).កិច្ចព្រមព្រៀងឥណទាន សម្បទានបន្ថែមចំនួន ២៥ លានអឺរ៉ូ សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (Top up for Rural Infrastructure Development for Cambodia Program-RID4CAM), និង (២).អនុស្សារណៈស្តីពីក្របខណ្ឌ ២០៥០ ដំណាក់កាលទី ២ (Facility 2050 Phase 2) ។

ព័ត៌មានពាក់ព័ន្ធ