នាព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥, នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារតែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី “ប្រកាសដាក់ឱ្យប្រើប្រាស់មុខងាររបស់ FMIS និង អនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ជាផ្លូវការ នៅការដ្ឋានបន្ថែម” ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង មន្រ្តីរាជការដែលជាតំណាងក្រសួង-ស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ៤០០ រូប ។
ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រកាសជាផ្លូវការ៖ ទី១). ដាក់ឱ្យប្រើប្រាស់ FMIS នៅគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៥ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង ត្រៀមអនុវត្ត “នីតិវិធីចំណាយ និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង” នៅត្រីមាសទី២ ឆ្នាំ ២០២៥ ដំណាលគ្នាជាមួយ គ្រឹះស្ថានរដ្ឋបាលចំនួន ៤ ដែលបានប្រើប្រាស់ FMIS កាលពីឆ្នាំ ២០២៣; ទី២). ដាក់ឱ្យប្រើប្រាស់ FMIS នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី ចំនួន៤៤ នៃក្រសួង-ស្ថាប័នចំនួន ១០ ផ្សារភ្ជាប់ការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងយុត្តិធម៌, ក្រសួងរ៉ែ និងថាមពល, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងធម្មការ និងសាសនា, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, អាជ្ញាធរសវនកម្មជាតិ, និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា; ទី៣). ដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកា នៅក្រសួង-ស្ថាប័នចំនួន ១៤ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ រួមមាន៖ ក្រសួងព្រះបរមរាជវាំង, ទីស្ដីការគណៈរដ្ឋមន្រ្តី, ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងអធិការកិច្ច, ក្រសួងសុខាភិបាល, ក្រសួងរ៉ែ និងថាមពល, ក្រសួងផែនការ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និងសាសនា, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍; ទី៤). ដាក់ឱ្យអនុវត្តនីតិវិធីចំណាយ និងចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង នៅក្រសួង-ស្ថាប័នចំនួន ៨ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ រួមមាន៖ ក្រសួងព្រះបរមរាជវាំង, ក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងផែនការ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងមុខងារសាធារណៈ, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍; ទី៥). ដាក់ឱ្យអនុវត្តនីតិវិធីកិច្ចលទ្ធកម្មសាធារណៈតាម FMIS ទាំងស្រុង នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ; ទី៦). ដាក់ឱ្យអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេសតាម FMIS នៅក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ; ទី៧). ដាក់ឱ្យអនុវត្តគម្រោងរៀបចំ និង អភិវឌ្ឍមុខងារលទ្ធកម្មតាមប្រ័ន្ធអេឡិចត្រូនិក (e-GP) នៅក្នុង FMIS ; នាព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា។
ថ្លែងក្នុងពិធីខាងលើនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសរំលេចថា បច្ចុប្បន្ន FMIS មិនត្រឹមតែក្លាយជាមូលដ្ឋានគ្រឹះ នៃប្រព័ន្ធថវិកាកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានកំពុងជួយជំរុញការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និង ជំរុញដល់ការធ្វើវិមជ្ឈការនៃការគ្រប់គ្រង និង អនុវត្តថវិកា ជូនដល់អង្គភាពថវិកាផ្ទាល់ តាមរយៈការពង្រីកការដាក់ឱ្យអនុវត្ត FMIS ទៅដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្សារភ្ជាប់ជាមួយនឹងការដាក់ឱ្យអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ជាជំហានៗ ដើម្បីមានលទ្ធភាព គ្រប់គ្រង ចាត់ចែង និង ទទួលខុសត្រូវលើថវិការបស់ខ្លួនផ្ទាល់ តាមរយៈការអនុវត្តនីតិវិធីទូទាត់កាន់តែងាយស្រួល រហ័សតាមបែបឌីជីថល និង សម្រួលដល់ការផ្ដល់សេវាសាធារណៈរបស់អង្គភាពជំនាញនីមួយៗឱ្យបានកាន់តែមានគុណភាព និង ទាន់ពេលវេលា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ជាយុទ្ធសាស្រ្ត, រាជរដ្ឋាភិបាលកំពុងដើរឈានទៅដល់របត់ថ្មីជាបណ្ដើរៗ ដោយត្រូវចាប់ផ្ដើមរៀបចំ និងអភិវឌ្ឍ “មុខងារលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិក” ដែលហៅកាត់ថា “e-GP” ដើម្បីជួយជំរុញឱ្យការទាញប្រយោជន៍ពី FMIS បានកាន់តែច្រើនថែមទៀត ដែលធានាបាននូវការអនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រកបដោយតម្លាភាព, គណនេយ្យភាព, សុចរិតភាព, ភាពប្រកួតប្រជែង, ភាពយុត្តិធម៌, ប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, ចីរភាព, គុណភាព, ភាពសន្សំសំចៃ និង ភាពទាន់ពេលវេលានៃការអនុវត្តផែនការលទ្ធកម្ម ។ ការអនុវត្តលទ្ធកម្មសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានកំណត់នៅក្នុង “យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥” និង “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥” ។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានគូសរំលេច និង រាយការណ៍ដោយសង្ខេបជូនអង្គពិធី អំពីវឌ្ឍនភាព និង សមិទ្ធផលគន្លឹះៗដែលសម្រេចបានតាមផែនការគ្រោងទុកគួរឱ្យស្ងើចសរសើរ ដែលឆ្លុះបញ្ចាំងតាមរយៈការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ក្នុងការអនុវត្តគម្រោង FMIS នៅឆ្នាំ២០២៤ និង នៅត្រីមាសទី១ ឆ្នាំ ២០២៥ នេះផងដែរ ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និង ថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS, អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រុមការងារអនុវត្តគម្រោង FMIS នៅគ្រប់ការដ្ឋាន, ក្រសួង-ស្ថាប័ន, អង្គភាពថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ទីប្រឹក្សាអន្តរជាតិរបស់គម្រោង រួមទាំងគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់, ជាពិសេសសហភាពអ៊ឺរុបដែលបានចូលរួមគាំទ្រផ្នែកបច្ចេកទេស និង ហិរញ្ញប្បទាន ដែលបានចូលរួមសហការជាសហថាមពលមួយ ប្រកបដោយជវភាពនៃតួអង្គតែមួយ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក ស្របតាមចក្ខុវិស័យ និង បង្គោលចររបស់រាជរដ្ឋាភិបាល ។ ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បាន “ប្រកាសដាក់ឱ្យប្រើប្រាស់មុខងាររបស់ FMIS និង អនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ជាផ្លូវការ នៅការដ្ឋានបន្ថែម” ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការអនុវត្តជំហានទី១ រហូតមកដល់បច្ចុប្បន្ននេះ ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS សរុបមានចំនួន ៣០០ ការដ្ឋាន, មុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន ៨ មុខងារ, សន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅមានចំនួន ១៦ ប្រព័ន្ធ, របាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន ៦៦ របាយការណ៍ និង អ្នកប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន ៣.៦៦២ រូប ។ ដោយឡែកសម្រាប់ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS Portal ជំនាន់ទី១ មានចំនួន ១.៨៧០ ការដ្ឋាន និង អ្នកប្រើប្រាស់ប្រព័ន្ធនេះសរុបមានចំនួន ៣.៣៧២ រូប ។















