ព័ត៌មាន

កម្មវិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤
ថ្ងៃទី១៥ ខែ​មីនា ២០២៥

នារសៀលថ្ងៃសុក្រ ១ រោច ខែ ផល្គុន ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨, ត្រូវនឹងថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៥, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបិទ នៃកិច្ចប្រជុំ “ត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កម្មវិធីបិទនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ, តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ៤០០ នាក់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វឌ្ឍនភាពសម្រេចបាននាពេលកន្លងទៅ, ជាពិសេស ក្នុងរយៈពេល ប្រមាណ ២០ ឆ្នាំ, ចាប់ពីដំណាក់កាលទី១ ដល់ដំណាក់កាលទី ៤ នេះ, គឺពិតជាសមិទ្ធផលដ៏គួរជាទីមោទនៈ និងជាចំណែកមួយដ៏សំខាន់នៃដំណើរជាតិកម្ពុជា ដែលកើតចេញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និង ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គួបផ្សំនឹងការចូលរួមជួយជ្រោមជ្រែង ពីសំណាក់ដៃគូអភិវឌ្ឍនានាទាំងក្នុងក្របខ័ណ្ឌ ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។ ជាមួយនឹងមោទនភាពជាតិ និងការសាទរដ៏ក្លៀវក្លានេះ, យើងទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបានឡើយ នូវគុណូបការៈដ៏ថ្លៃថ្លាបំផុតមិនអាចកាត់ថ្លៃបាន របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមបំផុត, ដែលតែងតែបានផ្ដល់ការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុត ចំពោះវិធានការកែទម្រង់ទាំងឡាយ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាំងពីដើមរៀងមក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ផ្អែកលើមូលដ្ឋានដ៏រឹងមាំ នៃសុខសន្តិភាព, ស្ថិរភាព និងការសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្នុងនីតិកាលកន្លងទៅ, រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់, ឈ្លាសវៃ និងប៉ិនប្រសព្វ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, បាននិងកំពុងបន្តជំរុញការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើនបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០»។ ក្រោមភាពជាអ្នកដឹកនាំដ៏ឆ្នើម, ប្រកបដោយជវភាព, សមត្ថភាព និង ចំណេះដឹង របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី, យើងទាំងអស់គ្នា នឹងបន្តអនុវត្តការកែទម្រង់របស់យើងក្នុងភាពជាម្ចាស់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ ៤ យ៉ាង រួមមាន៖ ទី១) ត្រូវមានចក្ខុវិស័យច្បាស់លាស់, ទី២) ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ទី៣) ត្រូវមានការចូលរួមដោយស្មោះត្រង់, និង ទី៤) ត្រូវមានការលះបង់។ ឱវាទានុសាសន៍ ដ៏មានអត្ថន័យនេះ បានបន្តរំលឹក និង ដាស់ស្មារតីយើងទាំងអស់គា្នជាប់ជានិច្ចថា យើងទាំងអស់គា្នគ្មានជម្រើសអ្វីល្អជាងការកែទម្រង់នោះឡើយ, ពោលគឺ «កែឲ្យបានកាន់តែល្អ, កែឲ្យបានកាន់តែមានប្រសិទ្ធភាព និង កែឲ្យបានកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត សម្រាប់ប្រជាជាតិកម្ពុជានៃយើង»។
ស្របតាមស្មារតីនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញវិធានការចាំបាច់ទាំងឡាយសម្រាប់អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ២០២៥ និងក្នុងរយៈពេលមធ្យមទៅមុខ ដើម្បីបន្តដំណើរកសាងនិងអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឈានដល់កម្រិតស្តង់ដារ និងឧត្តមានុវត្តជាអន្តរជាតិ ក្នុងបរិការណ៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា។ ភាពរឹងមាំ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា នឹងផ្ដល់ភាពបត់បែនគ្រប់គ្រាន់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទាំងក្នុងក្របខ័ណ្ឌនៃការអនុវត្តរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទប់ទល់ទៅនឹងវិបត្តិនានា នាពេលបច្ចុប្បន្ន និងជាយថាហេតុនាពេលអនាគត។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និង ផ្តល់មូលវិចារដ៏ថ្លៃថ្លាចំពោះសហការី នៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដែលបានខិតខំជំរុញអនុវត្តសកម្មភាពទាំងឡាយ នៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតសម្រេចបានលទ្ធផលល្អគួរជាទីលើកទឹកចិត្តនេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន ថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ, យូនីសេហ្វ, រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ, រដ្ឋាភិបាលអូស្ត្រាលី, និងស្ថាប័នអន្តរជាតិផ្សេងទៀត ដែលបាននិងកំពុងបន្តផ្តល់ជំនួយ, ទាំងហិរញ្ញវត្ថុ និង បច្ចេកទេស, ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ៣ ដំណាក់កាល កន្លងទៅ និង ក្នុងដំណាក់កាលទី ៤ នេះ ៕

ព័ត៌មានពាក់ព័ន្ធ