នាព្រឹកថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ៩:០០នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី ៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី “ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំជាន់ខ្ពស់, ឯកឧត្តមអគ្គនាយក, ឯកឧត្តមប្រធាន អនុប្រធាន រួមទាំង សមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរ ផងដែរ។ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរណ៍បន្ថែមទៀត, កិច្ចប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម ៖
១- សម្រាប់បណ្ណទស្សនារយៈពេល ១ ថ្ងៃ ៖ សម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែ កញ្ញា ឆ្នាំ ២០២៤ តទៅ,
២- សម្រាប់បណ្ណទស្សនារយៈពេល ៣ ថ្ងៃ និង ៧ ថ្ងៃ ៖ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវសម្រាប់បណ្ណចូលទស្សនា រហូតដល់ចុងឆ្នាំ ២០២៤,
៣- កែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ ៖ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រកចូលទាំង ៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ,
៤- ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់បណ្ណ៖ ដោយប្រើ Self- Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក,
៥- គ្រឹះស្ថានអង្គរ ត្រូវសិក្សាលើការផ្ដល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ,
៦ បង្កើតក្រុមការងារចម្រុះ ពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី ២ ដើម្បីធ្វើការសិក្សា និងដាក់ដំណើរការកំណែទម្រង់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២៥ តទៅ ។
ជាចុងក្រោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៍បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន ត្រូវបង្កើនការរៀបចំកែលម្អបង្គន់អនាម័យ ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរថែមទៀត និងបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលពីការលក់បណ្ណ
ពង្រឹងនីតិវិធីនៃការត្រួតពិនិត្យបណ្ណឱ្យបានកាន់តែល្អប្រសើរ និងបង្ករភាពងាយ ស្រួលជូនភ្ញៀវបន្ថែមទៀត ។




















