នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបលោក Thomas Hundt ប្រធាននាយកប្រតិបត្តិ និងប្រតិភូនៃក្រុមហ៊ុន Smart Axiata។ សម្រាប់ជំនួបនេះ ក្រុមហ៊ុន Smart Axiata បាននាំមកនូវថវិកាសប្បុរសធម៌ចំនួន ១០០ ០០០ (មួយរយពាន់) ដុល្លារអាមេរិក ដែលទទួលបានពីការប្រគំតន្ត្រីសប្បុរសធម៌ដើម្បីស្នាមញញឺម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។