នាព្រឹកថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងផ្តល់យោបល់លើ “សេចក្តីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា (Intermodal Transport Master Plan) ២០២១-២០៣០” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី, ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ។ ក្រោមជំនួយហិរញ្ញវត្ថុរបស់ប្រទេសចិន, “សេចក្តីព្រាងផែនការមេ”នេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន China International Engineering Consulting Corporation (CIECC) ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ មក ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខ ។ មកទល់ពេលនេះ ក្រុមការងារបានបញ្ចប់សេចក្តីព្រាង និងកំពុងដាក់ស្នើសុំយោបល់ និងអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ សំដៅកែលម្អឱ្យកាន់តែសុក្រិត និងគ្រប់ជ្រុងជ្រោយ ។