នាថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០:៣០ នាទីព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Anthony Robert Gill នាយកស្តីទីស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៥ សម្រាប់គម្រោង/កម្មវិធី ចំនួន ៤ ដែលមានទឹកប្រាក់សរុបចំនួន ៣៣២,០៥ លានដុល្លារអាមេរិក៖ ១) កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី៣), ២) គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ -ហិរញ្ញប្បទានបន្ថែម, ៣) គម្រោង កែលម្អបណ្តាញផ្លូវជាតិ ជំហានទី២, និង ៤) គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ។


