ព័ត៌មាន

ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជំនាន់ថ្មី ដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ
ថ្ងៃទី១៩ ខែ​ធ្នូ ២០២៤

នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ គ.ស. ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី ដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី ខេត្ត, និងនីតិបុគ្គលសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី ខេត្ត, នីតិបុគ្គលសាធារណៈ និងដៃគូអភិវឌ្ឍន៍ ប្រមាណជិត ៤០០ នាក់។ ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ SARMIS ថ្មីនេះ គឺដើម្បីជួយលើកកម្ពស់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ហើយនឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធ Ecosystem របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបាន និងកំពុងជ្រកក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្រេចបានមក តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា។ សន្ដិភាព គឺជាបុរេលក្ខខណ្ឌជាសកល និង ជាបរិយាកាសចម្បងមិនអាចខ្វះបាន សម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និង ការរីកចម្រើនជឿនលឿនរបស់ជាតិ ក្នុងគ្រប់ផ្នែក, គ្រប់វិស័យ, រួមបញ្ចូលទាំងការផ្ដល់ឱកាសដល់ការកែលម្អ និង ការកែទម្រង់រចនាសម្ព័ន្ធ និង អភិបាលកិច្ច ឱ្យកាន់តែប្រសើរឡើងថែមទៀត ផងដែរ។ ឈរលើមូលដ្ឋាននៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដ៏រឹងមាំ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាន និងកំពុងបន្តឈានឡើងជាលំដាប់ ឥតឈប់ឈរ លើមាគ៌ាដ៏ត្រឹមត្រូវ និង ប្រកបដោយក្ដីសង្ឃឹម។ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ, បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន សម្រាប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានផ្តល់នូវកាលានុវត្តភាពថ្មីជាច្រើន តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មី ប្រកបដោយនវានុវត្តន៍ខ្ពស់, ការបង្កើនផលិតភាព និង ប្រសិទ្ធភាពការងារ, និងការពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងធុរជន ជាដើម។ ដោយទទួលស្គាល់ពីសារៈសំខាន់ នៃបច្ចេកវិទ្យាឌីជីថល, កម្ពុជាបាន និងកំពុងខិតខំពង្រឹងខ្លួន ក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីវិស័យដ៏មានសក្តានុពលនេះ ដើម្បីរួមចំណែកដល់ការកសាង និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ដើម្បីបន្តដំណើរ ដោយភាពស្វាហាប់ ឈានទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់, យើងមានតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍ និង ការកែទម្រង់លើគ្រប់វិស័យ, ពិសេស ការជំរុញលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះ, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា ជាពិសេស គឺបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.0 និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ជាការពិត, នេះគឺជាការសម្រួចបន្ថែម នូវការយកចិត្តទុកដាក់ លើអាទិភាពនៃការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល បន្តពីរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែលបានដាក់ឱ្យអនុវត្ត នូវ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នាខែ ឧសភា ក្នុងឆ្នាំ ២០២១ និង គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ នាខែ មករា ក្នុងឆ្នាំ ២០២២។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការងារមួយដ៏ធំ និងស្មុគស្មាញ ដែលទាមទារនូវការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ និង ស្នើដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈទាំងអស់ បន្តសហការ និងចូលរួមយ៉ាងសកម្មក្នុងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាឧត្ដមប្រយោជន៍ជាតិ។ ក្នុងន័យនេះ, SARMIS ជំនាន់ថ្មី, ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នាថ្ងៃនេះ, នឹងជួយឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានភាពកាន់តែប្រសើរឡើង, ពោលគឺនឹងដើរតួជាឧបករណ៍មិនអាចខ្វះបាន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់។
ជាទីបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, នីតិបុគ្គលសាធារណៈ និងដៃគូអភិវឌ្ឍន៍ ដែលបានផ្ដល់ការគាំទ្រយ៉ាងសកម្មកន្លងមក និងបានជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសហការី ដែលបានអញ្ជើញចូលរួម មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ព័ត៌មានពាក់ព័ន្ធ