នៅព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម Pablo Chiho Kang ព្រមទាំងសហការី និងបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែចូលរួម ចំណែកជាមួយនឹងបណ្តាដៃគូអភិវឌ្ឍន៍នានា ជួយឧបត្ថម្ភគាំទ្រ ផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ឥតសំណងនានា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេស លើវិស័យអប់រំ សុខាភិបាល កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ច ជាដើម។