សូចនាករម៉ាក្រូសេដ្ឋកិច្ច
Recent Macro-economic Indicators (GDP Growth Rate)

ការវាយតម្លៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២១
ថ្ងៃទី២៨ ខែ​មីនា ២០២២

ក្នុងឆ្នាំ ២០២០ ពិភពលោកទាំងមូលបានជួបប្រទះនឹងវិបត្តិសុខភាពសាធារណៈជាសកល ដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ រហូតឈានទៅដល់ការបិទប្រទេស, ការបិទទីក្រុង, ការរឹតត្បិតការធ្វើដំណើរ និង​ការ​ដាក់ចេញ​នូវ​វិធានការ​ម៉ឺង​ម៉ាត់មួយចំនួន​ទៀត​​ សំដៅ​​ទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩។ ជាលទ្ធផល វិធានការ​ទាំង​នោះ​បានបន្ថែមសម្ពាធ និងបង្អាក់សកម្មភាពផលិតកម្ម, ការផ្គត់ផ្គង់, ការប្រើប្រា​ស់ និងការវិនិយោគ ដែលបាន​រុញ​ច្រាន​កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២០ ឱ្យ​ធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ស្របគ្នានេះ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ក៏បានទទួលរងផលប៉ះពាល់ពីវិបត្តិសកលនេះផងដែរ និងជារួមត្រូវបានវាយតម្លៃថាសម្រេចបានកំណើនអវិជ្ជមាន ក្នុងអត្រា           -៣,១% ដោយសារការធ្លាក់ចុះនៃវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ខណៈវិស័យកសិកម្មនៅរក្សាបានកំណើនវិជ្ជមាន។ ទន្ទឹមនេះ កម្ពុជានៅបន្តជួបប្រទះបញ្ហាប្រឈមជារចនាសម្ព័ន្ធសំខាន់ៗដូចជា ភាពប្រកួតប្រជែងនៅមានកម្រិត, ភាពយឺតយ៉ាវនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច, ភាពយឺតយ៉ាវនៃការធ្វើឌីជីថលូបនីយកម្មសង្គម-សេដ្ឋកិច្ច ជាដើម។ ជាការឆ្លើយតប រាជរដ្ឋា- ភិបាលបានដាក់ចេញនូវវិធានការគោលនយោបាយផ្សេងៗ ដូចជា៖ ការជួយសម្រួលក្នុងការកាត់បន្ថយថ្លៃដើម, ពេលវេលា និងបង្កើនភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ដោយបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម; ការអនុម័តច្បាប់វិនិយោគថ្មី, ច្បាប់ស្តីពីការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងច្បាប់ស្តីពីការប្រកួតប្រជែង; ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង; ការកាត់បន្ថយថ្លៃ និងធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី; ការកាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក; ការបង្កើនការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត; ការបន្តលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល; ការកាត់បន្ថយការធ្វើសវនកម្មពន្ធដារត្រួតគ្នា និងការជំរុញការប្រកួតប្រជែងដោយស្មើភាព; ការបន្តស្វែងរកទីផ្សារក្រៅស្រុកបន្ថែម ទាំងទ្វេភាគី និងពហុភាគី តាមរយៈការពង្រីកទីផ្សារក្រៅប្រទេសទៅក្នុងប្លុកពាណិជ្ជកម្មថ្មីៗ; ការបន្តពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំ និងការអនុវត្ត គោលនយោបាយ និងវិធានការនានា; ការបន្តបង្កើនការបណ្តុះបណ្តាលជំនាញ; និងការបន្តពង្រឹងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់ទាំងបរិមាណ និងគុណភាព។

ក្នុងឆ្នាំ ២០២១ វិបត្តិជំងឺកូវីដ-១៩ នៅបន្តអូសបន្លាយ គួបផ្សំនឹងការលេចឡើងនូវរលកថ្មីនៃជំងឺកូវីដ-១៩ បណ្តាល   មកពីវីរុសបំប្លែងខ្លួនប្រភេទថ្មី រួមមាន ដែលតា ជាដើម បើទោះជាមានការផលិត និងចែកចាយវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ក្នុងទ្រង់ទ្រាយធំទូទាំងសកលលោកក្តី។  យ៉ាងណាមិញ, សកម្មភាពសេដ្ឋកិច្ចក្នុងកម្រិតសកល និងតំបន់ ហាក់មានការចាប់ផ្តើម វិលត្រលប់ទៅរកប្រក្រតីភាពវិញជាបន្តិចម្តងៗ គាំទ្រដោយកត្តាសំខាន់ៗ រួមមាន (១). ការបន្តចែកចាយ និងចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំក្នុងកម្រិតសកល និងតំបន់ (Herd immunity) និង (២). ការចាប់ផ្តើមសម្របខ្លួន និងរៀនរស់ក្នុងគន្លងប្រក្រតីភាពថ្មីរបស់ប្រជាជនទូទៅ និងអាជីវកម្ម។ ជារួម ក្នុងឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថាងើបឡើងវិញ ក្នុងអត្រាកំណើនទាប ៣,០% គាំទ្រដោយការអនុវត្តវិធានការអន្តរាគមន៍សង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល និងជាពិសេសការងើបឡើងវិញក្នុងល្បឿនលឿននៃវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ដែលគាំទ្រដោយការងើបឡើងវិញនៃតម្រូវការសកល ខណៈវិស័យសេវាកម្ម ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន នៅបន្តនិន្នាការធ្លាក់ចុះ។ ក្នុងនោះ វិស័យឧស្សាហកម្ម មានកំណើនក្នុងអត្រា ៧,៤% ក្នុងឆ្នាំ ២០២១ ដែលគាំទ្រដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និង  កម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ត្រូវបានវាយតម្លៃថានឹងងើបឡើងវិញក្នុងអត្រាកំណើនទាប។ វិស័យ កសិកម្ម ត្រូវបានវាយតម្លៃថាសម្រេចបានកំណើន ក្នុងអត្រា ១,១% ក្នុងឆ្នាំ ២០២១ ដោយសារកំណើនល្អប្រសើរអនុវិស័យ ដំណាំ និងចិញ្ចឹមសត្វ។ យ៉ាងណាមិញ វិស័យសេវាកម្ម ត្រូវបានវាយតម្លៃថានៅបន្តកំណើនអវិជ្ជមាន ក្នុងអត្រា -០,៤% ក្នុងឆ្នាំ ២០២១ ដោយសារការបន្តធ្លាក់ចុះអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងការងើបឡើងវិញក្នុងអត្រាកំណើនទាបនូវអនុវិស័យអចលនទ្រព្យ, អនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍។

          ជាមួយនឹងកំណើនងើបឡើងវិញនេះ ផសស ថ្លៃបច្ចុប្បន្នកើនដល់ ១១០ ៩៧២ ប៊ីលានរៀល ហើយ ផសស សម្រាប់មនុស្សម្នាក់ស្ថិតក្នុងអត្រា ១ ៦៦៥ ដុល្លារអាមេរិក។​ អតិផរណាស្ថិតក្នុងកម្រិតគ្រប់គ្រងបានក្នុងអត្រា ២,៩% ក្នុងឆ្នាំ ២០២១ ដូចឆ្នាំ ២០២០ ដែរ ដោយសារការងើបឡើងវិញនៃថ្លៃប្រេងលើទីផ្សារអន្តរជាតិបន្ទាប់ពីប្រទេសជាច្រើនបានបើកប្រទេសឡើងវិញ    ខណៈដែលបានប៉ះប៉ូវដោយការថមថយនៃថ្លៃម្ហូបអាហារ។ ទន្ទឹមនេះ អត្រាប្ដូរប្រាក់បន្តមានស្ថិរភាព ក្នុងរង្វង់ប្រមាណ ៤ ០៦៨ រៀលក្នុងមួយដុល្លារអាមេរិក។

សម្រាប់ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើង ក្នុងរង្វង់ ៥,៦%  គាំទ្រដោយការរំពឹងទុកការកើនឡើងនៃតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគិនបរទេស ដែលជាសមិទ្ធផល នៃការគ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អ។ ជារួម កំណើននេះត្រូវបានទ្រទ្រង់ដោយការបន្តកំណើនល្អប្រសើរនៃវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម និងជាពិសេសការងើបឡើងវិញនូវវិស័យសេវាកម្ម ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងអនុវិស័យអចលនទ្រព្យ។ ក្នុងនោះ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា មានកំណើន ៨,៤% ក្នុងឆ្នាំ ២០២២ ដែលគាំទ្រដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។ វិស័យកសិកម្ម ត្រូវបានរំពឹងថាបន្តសម្រេចបានកំណើនល្អប្រសើរ ក្នុងអត្រា ១,៣% ក្នុងឆ្នាំ ២០២២ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ គួបផ្សំនឹងការងើបឡើងវិញនៃអនុវិស័យនេសាទ។ ទន្ទឹមនេះ វិស័យសេវាកម្ម ត្រូវបានរំពឹងថានឹងងើបឡើងវិញ ក្នុងអត្រា ៥,១% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងអនុវិស័យអចលនទ្រព្យ ស្របពេលដែលអនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍រំពឹងថាបន្តកើនឡើង។ បន្ថែមនេះ អត្រាអតិផរណា ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ៣,០% ដោយសារការរំពឹងទុកការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ខណៈអត្រាប្តូរប្រាក់ ត្រូវបានរំពឹងថានៅស្ថិតក្នុងរង្វង់ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាមេរិក។

ក្នុងបរិបទនេះ ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីៗ ក៏ដូចជាគ្រប់គ្រងហានិភ័យដែលអាចកើតមាន, រាជរដ្ឋាភិបាល បាននិងកំពុងដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលវេលា តាមរយៈការដាក់ចេញដោយប្រទាក់ក្រឡានូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយជារចនាសម្ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវការរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ច។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត “ក្របខណ្ឌយុទ្ធសាស្រ្ដ និង កម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” ដែលមានគោលដៅ ១)-ស្ដារ និងជំរុញវិស័យដែលជាចន្ទល់នៃសេដ្ឋកិច្ច, លុបបំបាត់កត្តារាំងស្ទះគន្លឹះៗតាមវិស័យ; ២)-កែទម្រង់ជារចនាសម្ព័ន្ធ សំដៅកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កំណើន ពិពិធកម្ម និងភាពប្រកួតប្រជែង; ៣)-ពង្រឹងភាពធន់ ដើម្បីធានាបាននូវចីរភាព និងបរិយាបន្ននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ៤)-សម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់យន្ដការសារពើពន្ធ ធានាស្ថិរភាពរូបិយវត្ថុ ពង្រឹងសមតុល្យពាណិជ្ជកម្ម ក៏ដូចជា គិតគូរទៅលើយន្ដការ ហិរញ្ញប្បទាន។ យុទ្ធសាស្រ្ដនេះនឹងផ្ដោតអាទិភាពលើផ្នែកសំខាន់ៗចំនួន ៤ រួមមាន៖ បន្តពង្រឹងរដ្ឋបាលសាធារណៈ, បន្តជំរុញការកសាងភាពធន់នៃសេដ្ឋកិច្ច, ពន្លឿនការកសាងភាពធន់នៃសង្គម និងជំរុញការកសាងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ។