បើទោះជាប្រឈមនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាមួយចំនួនដូចជា ភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន, ភាពមិនប្រាកដប្រជានៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប, ការឡើងកំដៅនៃភូមិសាស្រ្តនយោបាយ និងការបន្តនិន្នាការគោលនយោបាយគាំពារនិយមជាដើម, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៩ នៅតែបន្តសម្រេចបានកំណើនល្អក្នុងអត្រា ៧,១% ។ កំណើនល្អនេះត្រូវបានគាំទ្រដោយសារការបន្តរីកចម្រើននៃវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ជាពិសេសអនុវិស័យសំណង់, អនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យលក់ដុំ-រាយ ។ ទោះជាយ៉ាងនេះក្ដី កម្ពុជានៅបន្តជួបប្រទះបញ្ហាប្រឈមជារចនាសម្ព័ន្ធសំខាន់ៗចំនួន ២ គឺ ភាពប្រកួតប្រជែងនៅមានកម្រិត និងភាពយឺតយ៉ាវនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគោលនយោបាយផ្សេងៗ មានដូចជា៖ ការជួយសម្រួលក្នុងការកាត់បន្ថយថ្លៃដើម, ពេលវេលា និងបង្កើនភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ដោយបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម, ការកាត់បន្ថយថ្លៃ និងធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី, ការកាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក, ការបង្កើនការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបង្កើនការបណ្តុះបណ្តាលជំនាញ, ការកាត់បន្ថយកម្រៃក្រៅផ្លូវការ, ការលើកកម្ពស់សេវាបង់ពន្ធ, ការកាត់បន្ថយការធ្វើសវនកម្មពន្ធដារត្រួតគ្នា និងការជំរុញការប្រកួតប្រជែង ដោយស្មើភាព, ការអនុម័តច្បាប់វិនិយោគថ្មី, ច្បាប់ស្តីពីការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងច្បាប់ស្តីពីការប្រកួតប្រជែង, ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ការបន្តលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ការស្វែងរកទីផ្សារក្រៅស្រុកបន្ថែម ទាំងទ្វេភាគី និងពហុភាគី តាមរយៈការពង្រីកទីផ្សារក្រៅប្រទេសទៅក្នុងប្លុកពាណិជ្ជកម្មថ្មីៗ, ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំ និងការអនុវត្តគោលនយោបាយ និងវិធានការនានា, ការបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលស្ថាប័ន ឬមុខងារ តាមរយៈការធ្វើវិចារណកម្មមុខងារ និងភារកិច្ច ព្រមទាំងការលើកកម្ពស់ភាពម្ចាស់ការ និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន; ការបង្កើនការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់ទាំងបរិមាណ និងគុណភាព។
ក្នុងឆ្នាំ ២០២០ ពិភពលោកទាំងមូលបានជួបប្រទះនឹងវិបត្តិសុខភាពសាធារណៈជាសកល ដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ រហូតឈានទៅដល់ការបិទប្រទេស, ការបិទទីក្រុង, ការរឹតត្បិតការធ្វើដំណើរ និងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់មួយចំនួនទៀត សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជាលទ្ធផល វិធានការទាំងនោះបានបន្ថែមសម្ពាធ និងបង្អាក់សកម្មភាពផលិតកម្ម, ការផ្គត់ផ្គង់, ការប្រើប្រាស់ និងការវិនិយោគ ដែលបានរុញច្រានកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២០ ឱ្យធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។ មិនខុសពីបណ្តាប្រទេសនានាលើសកលលោកឡើយ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ក៏បានទទួលរងផលប៉ះពាល់ពីវិបត្តិសកលនេះផងដែរនិងជារួមត្រូវបានវាយតម្លៃថាសម្រេចបានកំណើនអវិជ្ជមាន ក្នុងអត្រា -៣,១% ដោយសារការធ្លាក់ចុះនៃវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ខណៈវិស័យកសិកម្មនៅរក្សាបានកំណើនវិជ្ជមាន ។ ក្នុងនោះ វិស័យសេវាកម្មមានកំណើនអវិជ្ជមាន ក្នុងអត្រា ៦,៧% ដោយសារការធ្លាក់ចុះយ៉ាងគំហុកនៃអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន និងកំណើនអវិជ្ជមាននៃអនុវិស័យអចលនទ្រព្យ និងអនុវិស័យផ្សេងទៀតដែលគាំទ្រដល់វិស័យទេសចរណ៍។ ជាមួយគ្នានេះ វិស័យឧស្សាហកម្មត្រូវបានវាយតម្លៃថាមានកំណើនអវិជ្ជមាន ក្នុងអត្រា ១,២% ដែលបណ្តាលមកពីការធ្លាក់ចុះនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅរក្សាបានកំណើនខ្ពស់ ។ ទោះជាយ៉ាងនេះក្តី, វិស័យកសិកម្មត្រូវបានវាយតម្លៃថាមានកំណើនវិជ្ជមានក្នុងអត្រា ០,៥% ដែលគាំទ្រដោយកំណើនទាបនៃអនុវិស័យដំណាំ និងការងើបឡើងវិញនៃអនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ បន្ទាប់ពីកំណើនអវិជ្ជមានក្នុងឆ្នាំ ២០១៩។
ជាមួយនឹងកំណើនអវិជ្ជមាននេះ ផសស ថ្លៃបច្ចុប្បន្នបានធ្លាក់ចុះមក ១០៩ ០៦២ ប៊ីលានរៀល និងធ្វើឱ្យ ផសស សម្រាប់មនុស្សម្នាក់ថមថយមកប្រមាណ ១ ៦៥៣ ដុល្លារអាមេរិក។ អតិផរណាមានការកើនឡើងបន្តិច ប៉ុន្តែស្ថិតក្នុងកម្រិតគ្រប់គ្រងបានក្នុងអត្រា ២,៩% ក្នុងឆ្នាំ ២០២០ ធៀបនឹង ១,៨% ក្នុងឆ្នាំ ២០១៩ ដោយសារការកើនឡើងនៃតម្រូវការ (Demand Shock) ម្ហូបអាហារ និងផលិតផលផ្សេងទៀតនៅលើទីផ្សារ ស្របពេលដែលសមត្ថភាពផ្គត់ផ្គង់មានការថមថយ, ដោយឡែកថ្លៃដឹកជញ្ជូនមានការធ្លាក់ចុះ ដោយសារការធ្លាក់ថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ អត្រាប្ដូរប្រាក់នៅតែបន្តមានស្ថិរភាពក្នុងអំឡុងពេលវិបត្តិនេះ ក្នុងតម្លៃប្រមាណ ៤ ០៨០ រៀលក្នុងមួយដុល្លារអាមេរិក។
ដើម្បីឆ្លើយតបនឹងនិន្នាការខាងលើ ក៏ដូចជាគ្រប់គ្រងហានិភ័យផ្សងៗ ដែលអាចកើតមាន រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលវេលា តាមយៈការដាក់ចេញដោយប្រទាក់ក្រឡានូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយរចនាសម្ព័ន្ធ (structural policy) ដើម្បីសម្រេចឱ្យបានគោលបំណងរក្សាលំនឹងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។
• រក្សាលំនឹងសេដ្ឋកិច្ច៖ តាមរយៈការបន្តការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម និងការបន្តរក្សាលំនឹងជីវភាពប្រជាជន។
• ជំរុញកំណើនសេដ្ឋកិច្ច៖ តាមរយៈការបន្តបង្កើនភាពប្រកួតប្រជែង, ការបន្តជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបន្តកែទម្រង់រចនាសម្ព័ន្ធ។