នាព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោ-បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការងារ” ដោយទទួលបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ “ច្បាប់ស្ដីពីការងារ” គឺជាក្របខណ្ឌគតិយុត្តដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលត្រូវបានប្រកាសឱ្យប្រើចាប់តាំងពីឆ្នាំ ១៩៩៧ មក ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មចំនួន ២ លើករួចមកហើយ ដោយក្នុងនោះ ការធ្វើវិសោធនកម្មលើកទី ១ ក្នុងឆ្នាំ ២០០៧ គឺពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែម និងការងារពេលយប់ ខណៈដែល ការធ្វើវិសោនធកម្មលើកទី ២ ក្នុងឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងប្រាក់បំណាច់អតីតភាពការងារ ។