នាព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិត- សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលកន្លងមកបានផ្តល់ហិរញ្ញប្បទានឥតសំណងរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ក្នុងវិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន និងអភិបាលកិច្ច ។ សហរដ្ឋអាមេរិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ដទៃទៀតដែរបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ជាក់ស្តែង, កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារអាមេរិក សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ។