នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥, សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨»។
“កម្មវិធីពិសេស” មានគោលបំណង “ពង្រីកមូលដ្ឋានសេដ្ឋកិច្ចចំពោះបណ្ដាខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន អភិវឌ្ឍវិស័យគន្លឹះ និងប្រភពកំណើនថ្មីរបស់សេដ្ឋកិច្ចជាតិ ដោយផ្អែកលើកត្តាទាយជ្ជទានដែលមានស្រាប់” និងមានវិសាលភាពគ្របដណ្ដប់លើខេត្តចំនួន ៤ រួមមាន ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។ “កម្មវិធីពិសេស” នេះ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទាន ៣ រួមមាន៖
ទី១. កែប្រែមុខមាត់ខេត្តទាំងបួន ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម, និងទេសចរណ៍ យោងលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយមានភាពប្រទាក់ក្រឡាជាមួយនឹងគោលនយោបាយជាតិផ្សេងៗ,
ទី២. ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងដែលនាំមកនូវលទ្ធផលឆាប់រហ័ស (Low-hanging and intermediate measures) ជាពិសេសកត្តាជំរុញទាក់ទាញវិនិយោគឯកជន និង
ទី៣. ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្ដុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការវិនិយោគដែលមានលក្ខណៈរាយប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន។
ស្របតាមទស្សនាទាននៃ “កម្មវិធីពិសេស” នេះ, រាជរដ្ឋាភិបាលបានកំណត់វិស័យអាទិភាពចំនួន ៣៖
ទី១. កសិកម្ម៖ ការដាំដុះដំណាំកសិកម្មសំខាន់ៗ ដែលមានសក្ដានុពលសេដ្ឋកិច្ចបូករួមទាំង ផ្កា បន្លែ ផ្លែឈើ និងឈើដាំ និងការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មនៅទីវាល។
ទី២. កសិ-ឧស្សាហកម្ម៖ ការកែច្នៃ និង/ឬ វេចខ្ចប់ (processing and/or packaging) នៃផលិតផលគន្លឹះ ជាអាទិ៍ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ចេកអំបូងលឿង ផ្លែឈើ និងឈើដាំ។
ទី៣. ទេសចរណ៍៖ ទេសចរណ៍អត្តសញ្ញាណពិសេស (Unique Identity Tourism), ការបង្កើតតំបន់អេកូទេសចរណ៍, ការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ, ការបង្កើតសួនភូតគាម (សួនបូតានិក) ឬសួនទេសចរណ៍ ឬសួនសត្វ ឬសកម្មភាពអភិរក្សជីវៈចម្រុះ និងធនធានសេនេទិក, និងការបង្កើតរមណីយដ្ឋាន ដែលមានសេវាកម្មចម្រុះ។
ដើម្បីលើកទឹកចិត្តដល់ការវិនិយោគឯកជនក្រោម “កម្មវិធីពិសេស” នេះ, រាជរដ្ឋាភិបាល នឹងផ្ដល់ជូនការគាំទ្រ តាមរយៈវិធានការ ០៣ ប្រភេទ រួមមាន៖
ទី១. វិធានការផ្នែកពន្ធដារ និងពន្ធគយ,
ទី២. ការផ្ដល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ, និង
ទី៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន។
វិធានការទាំងនេះនឹងត្រូវអនុវត្តចំពោះ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ), គម្រោងពង្រីកនៃ គ.ល.គ ដែលមានស្រាប់, គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច របស់សហគមន៍កសិកម្មកសិកម្មទំនើប, និង គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចរបស់សហគមន៍ទេសចរណ៍ ដែលកំពុងចាប់ផ្ដើមដំណើរការ នៅក្នុងឆ្នាំ ២០២៥ ដល់ ២០២៨។ លើសពីនេះទៀត, សម្រាប់សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្តទាំងបួន តែមិនទាន់បានចុះបញ្ជីពន្ធដារ ក៏អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ ២០២៥ ហើយទទួលបានការលើកលែងនូវពិន័យទោសទណ្ឌ, បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ផងដែរ។
ក្នុងស្មារតីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, តាមរយៈកម្មវិធីពិសេសនេះ, រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមានទុនវិនិយោគសមមូលចាប់ពី ១០០ ០០០ (មួយរយពាន់) ដុល្លារអាម៉េរិក ឡើងទៅ អាចស្នើសុំចុះបញ្ជីជា គ.ល.គ បាន ដើម្បីទទួលការលើកទឹកចិត្ត និងត្រៀមថវិកាមួយចំនួន ថើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)។
ដើម្បីធានានូវប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីពិសេសនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដើម្បីបំពេញភារកិច្ចដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីពិសេស ដោយដើរតួនាទីជា “ច្រកចេញចូលតែមួយ” ដែលមានតួនាទីពិនិត្យ វាយតម្លៃ និងផ្ដល់ការអនុម័តគម្រោង, ផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគនៃកម្មវិធីពិសេសនេះ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសនេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យធុរជនជាតិ និងអន្តរជាតិ ខិតខំទាញយកអត្ថប្រយោជន៍ពី “កម្មវិធីពិសេស” នេះ និងបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្ត “កម្មវិធីពិសេស” នេះ ឱ្យទទួលបានជោគជ័យ ដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ច និងចែកចាយផលលាភនៃកំណើនសេដ្ឋកិច្ច ឱ្យបានទូលំទូលាយ ក្នុងបេសកម្មភាពរួមនៃកិច្ចការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។






