ព័ត៌មាន

កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា(គ.ផ.ព.ឆ.)
ថ្ងៃទី២៣ ខែ​កក្កដា ២០២៤


នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា (គ.ផ.ព.ឆ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងលើកទី ៤ ដើម្បីពិនិត្យ, ផ្តល់យោបល់ និងផ្តល់គោលការណ៍ឯកភាពលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំក្រសួង-សា្ថប័ន, ឯកឧត្តម-លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប និងក្រុមការងាររៀបចំផែនការមេ ដែលដឹកនាំដោយលោក ស៊ឺម៉ា សែវ (SIMA XIAO) នាយក នៃវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning & Design Institute of Shenzhen -UPDIS)។

តាមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការពង្រីកវិសាលភាពនៃ «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង», «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានរៀបចំឡើង ដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រទាំង ៣ ផ្សេងទៀត តាមរយៈការប្រើប្រាស់ធនធាន និងសក្ដានុពល ផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្គុំចូលគ្នាបង្កើតជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម ។ ជាក់ស្ដែង, សេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» មានចក្ខុវិស័យរយៈពេលវែង ដល់ឆ្នាំ ២០៣៨ ដែលមានទិសដៅអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជា៖
ទី១- គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិ, ផ្តល់សេវាទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ត ។
ទី២- ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្ត្របៃតងសម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង។

សេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានធ្វើការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីវិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្តានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ ។ បន្ថែមពីលើនេះ, ផែនការមេនេះក៏មានការវិភាគ លើសក្តានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍ លើការបំពេញឱ្យគ្នាទៅវិញទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំងបួន ព្រមទាំងគម្រោងយុទ្ធសាស្ត្រសម្រាប់ខេត្តជាប់ឆ្នេរសមុទកម្ពុជា ផងដែរ ។

ជាលទ្ធផល, អង្គប្រជុំ បានពិភាក្សាដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ និងបានផ្ដល់មតិ យោបល់កែសម្រួលលើផ្នែកខ្លះរបស់សេចក្តីព្រាង ដើម្បីឱ្យឯកសារសេចក្តីព្រាង កាន់តែមានភាពពេញលេញ និងមានសង្គតិភាព និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» នេះ។

ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារបច្ចេកទេសសម្របសម្រួលអន្តរក្រសួង ក៏ដូចជាលេខាធិការដ្ឋានរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា និងក្រុមការងារវិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំ និងកែសម្រួលសេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ស្របតាមមតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យកាន់តែមានភាពច្បាស់លាស់, គ្រប់ជ្រុងជ្រោយ និងបញ្ចប់តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ៕

ព័ត៌មានពាក់ព័ន្ធ