ព័ត៌មាន

សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង”
ថ្ងៃទី២១ ខែ​ឧសភា ២០២៤


នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ មានអ្នកចូលរួមផ្ទាល់ ១៩០ រូប និងតាមប្រព័ន្ធអនឡាញ ប្រមាណ ១២៣៥ រូប ដែលជាសវនករផ្ទៃក្នុង និងថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ ចំនួន៤៧។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពី “ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង” ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ពិសេសសវនករផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលទាំងអស់។ អនុក្រឹត្យ លេខ២៦៥ អនក្រ.បក នេះ នឹងត្រូវជំនួសអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពី “ការរៀបចំនិងប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ” ដែលអនុក្រឹត្យថ្មីនេះចែកជា៩ ជំពូក និង១៧ មាត្រា។

ខ្លឹមសារសំខាន់ៗដែលត្រូវបានបញ្ចូលថ្មី និងបញ្ជាក់បន្ថែមក្នុងអនុក្រឹត្យថ្មីនេះ គឺពាក់ព័ន្ធនឹងការពង្រីកវិសាលភាពនៃមុខងារសវនកម្មផ្ទៃក្នុងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ, សមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការចេញផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធមុខងារសវនកម្មផ្ទៃក្នុង, ការគ្រប់គ្រងផ្ទាល់របស់រដ្ឋមន្រ្តីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល ប្រធានសហគ្រាសសាធារណៈ និងនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាលលើអង្គភាពសវនកម្មផ្ទៃក្នុង, សិទ្ធិអំណាចរបស់សវនករក្នុងការទទួលនិងចូលដល់ព័ត៌មានចាំបាច់, កាតព្វកិច្ចរបស់សវនដ្ឋាន, ការលើកទឹកចិត្តចំពោះអង្គភាពសវនកម្ម ផ្ទៃក្នុង ទណ្ឌកម្មផ្នែកវិន័យ និងសទ្ទានុក្រម។

ថ្លែងក្នុងពិធីបើកនៃអង្គសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អនុក្រឹត្យថ្មីនេះ គឺបង្ហាញអំពីការបោះជំហានដ៏ត្រឹមត្រូវ ក្នុងការរួមចំណែកគាំទ្រដល់ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបន្តផ្តល់អាទិភាពលើការពង្រឹងអភិបាលកិច្ច សក្តិសិទ្ធភាព ប្រសិទ្ធភាព និងការបង្កើនសមត្ថភាពរបស់ស្ថាប័ន តាមរយៈការបន្តអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់អនុសាសន៍ជូនដល់តួអង្គសំខាន់ចំនួនបី ដើម្បីធានាជោគជ័យនៅក្នុងការបំពេញមុខងារសវនកម្មផ្ទៃក្នុង រួមមាន៖ ថ្នាក់ដឹកនាំកំពូលនៃក្រសួង ស្ថាប័ន ត្រូវគ្រប់គ្រងផ្ទាល់ចំពោះមុខងារសវនកម្មផ្ទៃក្នុង, សវនដ្ឋាន ត្រូវផ្តល់កិច្ចសហការល្អនិងចូលរួមអនុវត្តនីតិវិធីសវនកម្មប្រកបដោយប្រសិទ្ធភាព និងសវនករ ដែលជាតួអង្គសកម្ម ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ និង អនុវត្តសវនកម្មដោយឯករាជ្យ វាយតម្លៃដោយសត្យានុម័ត មិនលំអៀង ស្របតាមនីតិវិធីត្រឹមត្រូវព្រមទាំងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈសវនកម្មផ្ទៃក្នុងឱ្យបានហ្មត់ចត់។

ព័ត៌មានពាក់ព័ន្ធ