ព័ត៌មាន

ជំនួបសម្តែងការគួរសមរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ នាយក និងក្រុមបេសកកម្មនៃការិយាល័យ ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AMRO)
ថ្ងៃទី១០ ខែ​ឧសភា ២០២៤


នាព្រឹកថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោកបណ្ឌិត លី គួលីង (Li Kouqing) នាយក និងសហការីនៃក្រុមបេសកកម្មនៃការិយាល័យ ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (ASEAN+3 Macroeconomic Research Office-AMRO) ក្នុងខណៈ ដែលក្រុមបេសកកម្ម មកបំពេញបេសកកម្មប្រចាំឆ្នាំរបស់ AMRO នៅកម្ពុជា ។

លោកបណ្ឌិត គួលីង បានថ្លែងអំណរគុណចំពោះការសហការរបស់កម្ពុជា និងបានថ្លែងនូវការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៣, កំណើនសេដ្ឋកិច្ច ត្រូវបានប៉ាន់ស្មានថាមានអត្រាក្នុងរង្វង់ ៥% ដែលកំណើនល្អប្រសើរ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម និងហានិភ័យជាច្រើន ក៏ដោយ ។ សម្រាប់ឆ្នាំ ២០២៤, សេដ្ឋកិច្ចកម្ពុជា នៅបន្តរក្សាបានចលនការកំណើនល្អ ដោយការរំពឹងទុកភាពល្អប្រសើរ នៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ ដែលនឹងបន្តគាំទ្រដល់វិស័យបម្រើដល់ការចេញ ជាពិសេស វិស័យកាត់ដេរ និង កម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យទេសចរណ៍នឹងនៅតែបន្តនិន្នាការកើនឡើង ។ លោកបណ្ឌិត បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចល្អនៅក្នុងឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ បានចូលរួមចំណែកយ៉ាងសំខាន់ពីកែលម្អស្ថានភាពហិរញ្ញវត្ថុសាធារណៈ ឱ្យមានចីរភាព, មានភាពរឹងមាំ និងបង្កើនលម្អសម្រាប់ការធ្វើអន្តរាគមន៍ចាំបាច់នានា ខណៈស្ថានភាពវិស័យខាងក្រៅ (External Position) ក៏មានភាពប្រសើរឡើងវិញ ។ និន្នាការនេះនឹងបន្តធ្វើឱ្យកម្ពុជាអាច សម្រេចបានកំណើនកាន់តែប្រសើរសម្រាប់ឆ្នាំ ២០២៥ និងរយៈពេលមធ្យមទៅមុខ ។ ទោះជាយ៉ាងនេះក្តី លោកបណ្ឌិតបានកត់សម្គាល់ទៅលើភាពមិនប្រាកដប្រជា និងហានិភ័យចម្បងៗមួយចំនួន ទាំងក្នុង និងក្រៅប្រទេស, ដែលកម្ពុជាត្រូវយកចិត្តទុកដាក់បានតាមដាន និងដាក់ចេញជាវិធានការត្រៀមខ្លួននានា ជាពិសេស ការកសាងទ្រនាប់ថវិកាឡើងវិញដើម្បីភាពធន់នៃហិរញ្ញវត្ថុសាធារណៈ ការធានាឱ្យបាននូវស្ថិរភាពវិស័យហិរញ្ញវត្ថុ ការពង្រឹង ការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីបង្កើនពិពិធកម្ម និងពង្រឹងភាពប្រកួតប្រជែង ក្នុងខណៈកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ។

ជាមួយគ្នានេះ, លោកបណ្ឌិត ក៏បានលើកឡើងអំពីការប្តេជ្ញាក្នុងការបន្តកិច្ចសហការល្អិតល្មួត ព្រមទាំងការ បន្តពង្រឹងការអនុវត្តគំនិតផ្តួចផ្តើមនានារបស់ AMRO ក្នុងការចូលរួមកសាងសមត្ថភាពរបស់មន្ត្រីបច្ចេកទេសកម្ពុជា ជាពិសេស តាមរយៈកម្មវិធីបញ្ចូនមន្ត្រីបម្រើការងារនៅ AMRO (Secondment Program) ជាដើម ។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារ AMRO, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកអំពីសារៈសំខាន់នៃបេសកកម្មប្រចាំឆ្នាំរបស់ AMRO ក្នុងការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដោយផ្ដល់នូវអនុសាសន៍គោលនយោបាយល្អៗសម្រាប់រាជរដ្ឋាភិបាលពិចារណា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីនិន្នាការនៃការយល់ឃើញស្របគ្នា អំពី ការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសកល, តំបន់ និងនៅកម្ពុជា ជាពិសេស ក្នុងស្ថានភាពដែលមិនទាន់វិលត្រលប់ទៅរកប្រក្រតីភាពទាំងស្រុង រួមជាមួយនឹងហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ។ សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សា កំណើនល្អ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដោយសារការបន្តអនុវត្តប្រកបដោយឆន្ទៈនយោបាយខ្ពស់នូវក្របខណ្ឌគោលនយោបាយនានាដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស “យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាល ទី ១” ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៍បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ AMRO ដែលចុះបំពេញបេសកកម្មវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, បានផ្តល់នូវអនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដល់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់នានា និងផ្ដល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពសម្រាប់មន្ត្រីរបស់កម្ពុជា និង បានជូនពរក្រុមការងារបេសកកម្មឱ្យទទួលបានជោគជ័យ និងផ្លែផ្កា ក្នុងការបំពេញបេសកកម្មការងារក្នុងឆ្នាំ ២០២៤ នេះ និងរំពឹងថានឹងទទួលបានធាតុចូលល្អៗ ពីលទ្ធផលនៃកិច្ចពិភាក្សារបស់ក្រុមការងារ លើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច, ហិរញ្ញវត្ថុ និងហិរញ្ញវត្ថុធារណៈរបស់កម្ពុជា ។

ព័ត៌មានពាក់ព័ន្ធ