នៅថ្ងៃ ពុធ ១១កើត ខែផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី ១១ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងក្រុមការងារពាក់ព័ន្ធ ។ កិច្ចប្រជុំ មានគោលបំណង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា” មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាសារបាន, “ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.)” គឺជាការប្ដេជ្ញារបស់ប្រទេសនានាដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ក្នុងការ ផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ដល់ពលរដ្ឋគោលដៅ ដោយមិនបារម្ភពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ដើម្បីសម្រេចគោលដៅនេះ, រាជរដ្ឋាភិបាល បានរំលេចទិដ្ឋភាពនៃ “ការគ្របដណ្តប់សុខភាពជាសកល” ជាធាតុស្នូលនៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិមួយចំនួន ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តា និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាដើម ។ ក្នុងន័យនេះ, ដើម្បីជំរុញកិច្ចការនេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់ “ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា” ជាកម្មវិធីគោលនយោបាយអាទិភាពទី ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ផងដែរ ។
“សេចក្តីព្រាងផែនទីបង្ហាញផ្លូវ” នេះ បានកំណត់ជម្រើសគោលនយោបាយអាទិភាពសម្រាប់កែទម្រង់ប្រព័ន្ធគាំពារសុខភាពសង្គម និងប្រព័ន្ធសុខាភិបាល ក្នុងទិដ្ឋភាពពហុវិស័យ, ពហុវិមាត្រ, និងគ្រប់ជ្រុងជ្រោយ ដោយបង្ហាញទិសដៅ និងបង្គោលចរកម្រិតយុទ្ធសាស្ត្រ ដែលក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធមានភារកិច្ចរៀបចំផែនការលម្អិតសម្រាប់ការអនុវត្ត ។
ជាលទ្ធផល, អង្គប្រជុំបានពិនិត្យ និងបានកែសម្រួល “សេចក្តីព្រាងផែនទីបង្ហាញផ្លូវឆ្ពោះទៅ គ.ស.ស.” ដោយកំណត់អំពីការដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រ និងគោលដៅអាទិភាពទៅតាមដំណាក់កាលសំដៅពង្រីកជាជំហានៗ នូវវិសាលភាពនៃការគ្របដណ្ដប់ពលរដ្ឋ, ការគ្របដណ្តប់សេវា សុខាភិបាលសារវន្ត, និងការការពារហានិភ័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសុខាភិបាល ។